ស្នងការនគបាលខេត្តកំពត ចេញសេចក្ដីបំភ្លឺព័ត៌មាន ក្រោយពីក្រុមហ៊ុន ពិភពដីមាស ចេញសេចក្ដីថ្លែងការណ៍បន្ទាន់ដោយចោទប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការនគរបាលខេត្តកំពត!!!

56

ក្រោយពីក្រុមហ៊ុន ពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក ចេញសេចក្តីថ្លែងការណ៍បន្ទាន់ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលបានបញ្ជាក់ថា ជាជម្រើសចុងក្រោយក្នុងករណីអង្គភាពរបស់លោកស្នងការ មិនកែសម្រួល ឈប់ធ្វើទង្វើញុះញង់បែបនេះ និងសុំទោសជាសាធារណៈមកក្រុមហ៊ុន និងអតិថិជនទេ ក្រុមហ៊ុននឹងស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិនិត្យលើសតិអារម្មណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងដាក់ពិន័យលើវិជ្ជាជីវៈ ថែមទាំងប្តឹងទៅតុលាការផងដែរពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះស្នងការនគបាលខេត្តកំពត សូមបំភ្លឺជូនដូចខាងក្រោម÷

ស្នងការនគរបាលខេត្តកំពត បានឃើញនូវការចេញសេចក្ដីថ្លែងការណ៍បន្ទាន់របស់ក្រុមហ៊ុនពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក លិខិតលេខ ៣៨៨/២៣ ក.ព.ម ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រសិនបើក្រុមហ៊ុនមានគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋហេតុអ្វីពាក្យបណ្ដឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់។

 

ជុំវិញករណីនេះស្នងការដ្ឋាននគរបាលខេត្តសូមបំភ្លឺជូនដូចខាងក្រោម÷គិតត្រឹមថ្ងៃទី 16 ខែមិនា ឆ្នាំ 2023 យើងបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពតចំនួន 323 បណ្ដឹងសរុបទឹកប្រាក់ដែលបានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន ៦.១៦២.៧០០ដុល្លា (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ប្រាំពីររយដុល្លា)។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មកលើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឲ្យមានវិវាទរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋដែលជារឿងហួសចិត្តបំផុត  ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ទៅវិញ? ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម យើងខ្ញុំមិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ។

តាមការបញ្ជាក់ទាំងទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនិងផ្ដល់អត្ថប្រយោជន៍ជូនពួកគាត់ដោយមានកិច្ចសន្យា(កុងត្រា)ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យា  ពោលគឺមិនបានផ្ដល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុនាំឱ្យប្រជាពលរដ្ឋជាងបីរយគ្រួសារ (ស្មើនឹង 323 បណ្ដឹង) បានឡើងមកជួបឯកឧត្តម អភិបាលខេត្ត និងមកដាក់ពាក្យបណ្ដឹងនៅស្នងការនគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ ព្រោះប្រជាពលរដ្ឋម្នាក់ៗ អស់ថវិការាប់ម៉ឺនដុល្លារដែលយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ។ ដូចនេះស្នងការដ្ឋាននគរបាលខេត្ត ចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ក្រុមហ៊ុន ពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក ដែលចោទប្រកាន់ថាមិនចេះស្ដាប់ហេតុផលគ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ។

ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថាស្ថាប័នយើងខ្ញុំជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន។

អាស្រ័យហេតុនេះសូមសារធារណជនមេត្តាជ្រាបជាព័ត៌មាន៕