លោកស្នងការខេត្តកំពត ឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមហ៊ុនពិភពដីមាស ពាក់ព័ន្ធបញ្ហាសតិអារម្មណ៏របស់លោក ចំពោះចំណាត់ការលើបណ្តឹងពលរដ្ឋរងគ្រោះទាំង ២៥៩គ្រួសារ

35

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានឆ្លើយតបជុំវិញសេចក្តីថ្លែងការណ៍បន្ទាន់របស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ស្តីពីការប្រតិកម្មទៅនឹងសំណេររបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារលើដំណើរការនីតិវិធីបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះទាំង ២៥៩គ្រួសារ ខណៈរូបលោកបានចេញលិខិត ២ដាច់ដោយឡែកពីគ្នា កោះហៅលោក ហ៊ី គឹមហុង និងលោក ចេង សង្ហាក់ ដែលជាអគ្គនាយក និងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ដើម្បីសាកសួរ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពត ពីបទ ឆបោកមានស្ថានទម្ងន់ទោស ។

យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ៖ “ក្រុមហ៊ុនពិភពដីមាសស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហាសតិអារម្មណ៏របស់ខ្ញុំ ពាក់ពន្ធ័ខ្ញុំដំណើរការនិតិវិធីលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតទាំង ២៥៩ គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥ លានដុល្លា។ បើខ្ញុំមានបញ្ហាសតិអារម្មណ៏គឺដោយសារការអាណិតប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសនេះឯង”។

គួរបញ្ជាក់ផងដែរថា ការឆ្លើយតបបែបនេះ បន្ទាប់ពីក្រុមហ៊ុនពិភពដីមាសបានចេញសេចក្តីថ្លែងការណ៍បន្ទាន់ ស្តីពីប្រតិកម្មទៅនឹងសំណេររបស់ស្នងការនគរបាលខេត្តកំពត ដោយក្នុងសេចក្តីថ្លែងការណ៍បន្ទាន់នោះខាងក្រុមហ៊ុនពិភពដីមាសបានទទួលស្គាល់ពីការយឺតយាវក្នុងការទូទាត់ផលចំណេញជូនពលរដ្ឋដែលជាអតិថិជន ប៉ុន្តែខាងក្រុមហ៊ុនក៏បានបញ្ជាក់ពីផែនការ ដោយបានដាក់កាលបរិច្ឆេទច្បាស់លាស់ក្នុងការទូទាត់ផលចំណេញជូនអតិថិជនរបស់ខ្លួនផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍បន្ទាន់ដដែល របស់ក្រុមហ៊ុនពិភពដីមាសបានបញ្ជាក់ថា ជាជម្រើសចុងក្រោយក្នុងករណីអង្គភាពរបស់លោកស្នងការមិនកែសម្រួល ឈប់ធ្វើទង្វើញុះញង់បែបនេះ និងសុំទោសជាសាធារណៈមកក្រុមហ៊ុន និងអតិថិជនទេ ក្រុមហ៊ុននឹងស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិនិត្យលើសតិអារម្មណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងដាក់ពិន័យលើវិជ្ជាជីវៈ ថែមទាំងប្តឹងទៅតុលាការផងដែរពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត ឆ្លើយតបតាមផេកផ្លូវការរបស់លោកវិញថា “ក្រុមហ៊ុនពិភពដីមាស ស្អែកអាចដាក់ពាក្យបណ្តឹងមកលើរូបខ្ញុំបាន តែកុំភ្លេចថ្ងៃទី 26.06.23 ឡើងមកបំភ្លឺបណ្តឹងរបស់ប្រជាពលរដ្ឋខ្ញុំ”៕