ឯកឧត្ដម ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក គឺការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា

9

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ក៏ដូចជាទៅអនាគត គឺការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល ហើយសេចក្ដីត្រូវការរួមរបស់ប្រជាជនទាំងអស់ គឺមានតែសុខសន្ដិភាព និងការអភិវឌ្ឍប៉ុណ្ណោះ។

ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្តម បណ្ឌិត បន្ថែមទៀតថា ម្យ៉ាងវិញទៀត ការលើកស្ទួយវិស័យសាសនា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដោយសារសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិតវិជ្ជមាន និងការចែករំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋគំរូ៕