កម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនក្រុមឃាតករជាជនជាតិចិន៤នាក់ ពាក់ព័ន្ធការសម្លាប់ជនជាតិចិនម្នាក់ញាត់ក្នុងវ៉ាលីយកទៅប្លុងចោលក្នុងទឹកដីស្រុកពញាឮ ខេត្តកណ្តាលយ៉ាងព្រៃផ្សៃបំផុត

18

កណ្តាល៖ ឃាតកម្មសម្លាប់ជនជាតិចិនញាត់ក្នុងវ៉ាលីយកទៅបោះចោលនៅស្រុកពញាឮ ខេត្តកណ្ដាល ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានដោយចាប់ខ្លួនជនដៃដល់ជាជនជាតិចិនដូចគ្នា ចំនួន៤នាក់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន VPN NEWS ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា កិច្ចប្រតិបត្ដិការ​ស៊ើបអង្កេតស្រាវជ្រាវ ករណីឃាតកម្មកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង៩៖០០នាទី ប្រទះឃើញសាកសព នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ខេង ម៉េឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន​ សហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសម្របសម្រួលនីតិវិធីរបស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន៖ជនសង្ស័យចំនួន០៤នាក់​ រួមមាន​៖ទី១-ឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ HONG QI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ទី៣-ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។និងទី៤-ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៍ខ្មៅ មានកង់រុញចំនួន៤ ម៉ាកAF American Flyer ចំនួន០១, វ៉ាលី ពណ៍ខ្មៅ មានកង់រុញចំនួន៤ ចំនួន០១ មានសម្លៀកបំពាក់ប្រឡាក់ឈាម, ស្កុតរុំមុខសព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៍ផ្ទៃមាឃ បិទលើភ្នែកទាំងសង្ខាង ជាន់ទី២នឹងមានថង់ផ្លាស្ទិចពណ៍ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai និងក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៍ប្រផេះ ម៉ាក Nanjiren

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង៦៖០០នាទី មានប្រជាពលរដ្ឋដែលជាអ្នកនេសាទនៅតាមដងទន្លេសាបបានប្រទះឃើញវ៉ាលី ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប នឹងបានរ៉ូតវ៉ាលី ដើម្បីមើលក៏ប្រទះឃើញសាកសព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុចមាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ។

បើតាមការបញ្ជាក់ពីមន្ត្រីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស(វិជ្ជមាន)៕