កណ្តាល៖ ពលរដ្ឋនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានប្រាប់ពីក្ដីបារម្ភយ៉ាងខ្លាំងចំពោះការធ្វើអាជីវកម្មជីកយកអាចម៍ដីទៅលក់ជារៀងរាល់ថ្ងៃរបស់ក្រុមឈ្មួញដោយបានបន្សល់ទុករណ្ដៅដីដែលមានជម្រៅយ៉ាងជ្រៅ ចោទ និងធំសម្បើមណាស់ ដែលមើលទៅគួរឲ្យភ័យខ្លាច ព្រឺព្រួច និងងាយរងគ្រោះថ្នាក់ជាទីបំផុត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន យើងទទួលបាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពបន្តថា រណ្ដៅដីខាងលើ មិនមានព័ទ្ធរបងឲ្យបានត្រឹមត្រូវនោះទេ ចុះបើមានករណីសត្វពាហនៈធ្លាក់ចូលប្រាកដជាងាប់ ជាពិសេសបើប្រជាពលរដ្ឋដែលមានដីក្បែរៗរណ្ដៅដីនោះ ភ្លាត់ស្នៀតរអិលជើងធ្លាក់ចូល បើមិនស្លាប់បាត់បង់ជីវិត ក៏បាក់ដៃបាក់ជើងធ្លាក់ខ្លួនពិការមួយជីវិតដែរ ព្រោះថារណ្ដៅនោះធំ ជ្រៅ និងចោទខ្លាំងណាស់ បើយើងមើលពីលើទៅគឺថាប្រហោងពោះ ប៉ុនចង្អេរ អារម្មណ៍ភិតភ័យ ព្រឺសម្បុរ ព្រឺឆ្អឹងខ្នងតែម្ដង។
ប្រភពបានឲ្យដឹងដែរថា មានពលរដ្ឋជាច្រើនគ្រួសារបានកំពុងតែក្តៅក្រហាយយ៉ាងខ្លាំងពាក់ព័ន្ធនឹងក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដោយមួយថ្ងៃៗបើកដឹកជញ្ជូនដង្ហែរគ្នាដូចបុណ្យកឋិន បើកបរលឿនៗ ស៊ីប្លេលឺៗ អត់គ្រប់ឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឱ្យជ្រុះអាចម៍ដីរប៉ាតរប៉ាយ ធ្វើឲ្យផ្លូវឆាប់ខូច ងាយបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងអាចបណ្ដាលឲ្យប៉ះពាល់និងខូចសុខភាពសាធារណៈទៀតផង។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងបន្ថែមទៀតថា កន្លងមក កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីតៃកុងឡាន អាអិច បានបើកកិនបុរសម្នាក់ស្លាប់ក្រោមរថយន្ត ក្នុងរណ្តៅដីក្រុមហ៊ុនមួយកន្លែងនៅក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលសាកសពជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ ៣៤ឆ្នាំ បើករថយន្តម៉ាក SCANIA ប្រភេទបែន ពណ៌សខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-1698 ។ បើករថយន្តមកយកអាចម៍ដី នៅក្នុងរណ្ដៅដី។
ប្រភពផ្សេងទៀតក៏ធ្លាប់បានរិះគន់យ៉ាងខ្លាំងទៅលើអាជីវកម្មអាចម៍ដីនៅតំបន់បឹងទ្រា ភូមិទ្រា ភូមិត្រស់ និងភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្រុមឈ្មួញជីករណ្តៅដីយ៉ាងជ្រៅ និងបានបង្កហានិភ័យយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ដោយកាលពីដើមឆ្នាំ២០២១ បានបណ្តាលឲ្យក្មេងប្រុស២នាក់ ស្លាប់ ដែលមកដល់ពេលនេះ មិនទាន់ទទួលបាន ដំណោះស្រាយនៅឡើយ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ក៏មានករណីមនុស្សលង់ទឹកស្លាប់ចំណុចរណ្ដៅដីស្ពានតែអ៊ែ ស្ថិតនៅក្នុងភូមិ ដេីមត្រាំង ឃុំអន្លុង់រមៀត ស្រុកកណ្តាលស្ទឹងផងដែរ ដែលសពឈ្មោះ ទ្រី ហាក់សែ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
ប្រភពព័ត៌មានមួយផ្សេងទៀតបានខ្សឹបឲ្យដឹងច្បាស់ថា អាជីវកម្មអាចម៍ដី កាយដល់បាតប្រែតនៅភូមិរោងគោ ឃុំទ្រាខាងលើនេះ គឺស្ថិតក្រោមរូបភាព ស្របច្បាប់ ដែលអាជ្ញាបណ្ណអនុញ្ញាត ពីក្រសួងរ៉ែ និងថាមពល និងរូបភាពមិនស្របច្បាប់ផង ដែលភាគច្រើន មានការត្រូវរូវគ្នា និយាយរួមមានអ្នកកាងនៅពីក្រោយទើបមានការកាយជ្រៅយ៉ាងដូចច្នេះ ហើយចំពោះការអនុញាតិរបស់លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល និងលោកចៅហ្វាយស្រុកកកណ្តាលស្ទឹងតើអនុញាតិអោយកាយយកអាចម៍ដីជម្រៅជ្រៅបែបនេះឬយ៉ាងណា៕