នាព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែង២៨,៣៧២គ.ម ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមឥណទានសម្បទាន ធនាគារអភិវឌ្ឍន៍អាស៊ី។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើរបាយការណ៍ឱ្យដឹងថាផ្លូវខេត្តលេខ៣១២ នឹងត្រូវពង្រីកតួផ្លូវប្រវែងពី៤ម៉ែត្រទៅ៥ម៉ែត្រ ឱ្យដល់ទទឹងតួផ្លូវប្រវែង១២ម៉ែត្រ និងលើកកម្រិតគុណភាពពីកម្រិតផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ទៅជាក្រាលកៅស៊ូ AC មានកម្រាស់៦សង់ទីម៉ែត្រទៅ៨សង់ទីម៉ែត្រ និងក្រាលបេតុងសសៃដែកកម្រាស់២៥សង់ទីម៉ែត្រដែលមានទទឹងរួម១១ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងទោចក្រយានយន្ត២គន្លងទៅមក ព្រមទាំងដាក់លូ បំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថាផ្លូវនេះនឹងសាងសង់ដោយប្រើពេល១៨ខែ និងប្រើពេលថែទាំ៦០ខែ ប្រើប្រាស់ថវិកាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុប២៥លានដុល្លារអាមេរិកសម្រាប់ការសាងសង់ ការបោសសំអាតគ្រាប់មីន និងពន្ធអាករផ្សេងៗ រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់។ ឯកឧត្តមបញ្ជាក់ទៀតថាក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រើថវិកាសន្សំក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន២ ដើម្បីស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចាក់ក្រីជាប់នឹងផ្លូវនេះផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាសមិទ្ធផលនេះ ជាចំណងដៃថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តព្រៃវែង ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃ រួមទាំងការដឹកជញ្ជូនផ្សេងៗដែលជាការឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវ និងស្ពាននៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏បានឹម្លឹកជូនអង្គពិធីថាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រារព្ធពិធីបើកដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាសមទ្ធិផលធំមួយទៀតបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងស្ពានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធ និងការបើកការដ្ឋាននាពេលកន្លងមក។ សម្ដេចបន្តថាសមិទ្ធិផលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀតរបស់ជាតិដែលកំពុងរីកចម្រើននេះ អាចកើតឡើងទៅបានដោយសារកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំរបស់កម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានសម្ដែងក្ដីសង្ឃឹមថាក្រោយពីបញ្ចប់ការលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២នេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋរស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រែវែង និងពលរដ្ឋឆ្លងកាត់មកពីតំបន់នានា ទាំងការធ្វើណើរទៅមក និងដឹកទំនិញទៅកាន់ទីផ្សារក្នុងស្រុក និងតំបន់ផ្សេងៗ ជាពិសេសខ្សែផ្លូវនេះនឹងជួយលើកកម្ពស់សកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម និងការតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ ផ្លូវខេត្ត តំបន់ទីប្រជុំជន និងតំបន់ព្រំដែនផងដែរ គឺច្រកព្រំដែនបន្ទាយចក្រីជាប់ប្រទេសវៀតណាម។
សម្ដេចក្រឡាហោម ស ខង ក៏បានមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីការប្រឈមជាសាកលបណ្ដាលមកពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ជំងឺឆ្លងកូវីដ បញ្ហាប្រែប្រួលអាកាសធាតុ និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនថ្មីៗជាដើម។ សម្ដេចបន្ថែមថាទោះជាត្រូវប្រឈមនឹងបញ្ហាជាសាកល និងការប៉ុនប៉ងបង្កអស្ថេរភាពពីក្រុមប្រឆាំងខុសច្បាប់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈា្លសវ័យ ធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងនីតិកាលទី៥ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣៕