ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ យោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយសម្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេ ឬពន្លាតរយៈពេលបង់ ហើយចៀសវាងការរឹបអូសផ្ទះ ។
សម្តេចបានឧទាហរណ៍ថា បើគាត់បង់១ខែ៥០០ដុល្លាររយៈពេល១៥ឆ្នាំ ម្ចាស់បុរីក៏អាចសម្រួលឱ្យគាត់បង់តិចជាងនេះ នៅត្រឹម៤០០ដុល្លារ ឬ៣៥០ដុល្លារ ក្នុងមួយខែ ប៉ុន្តែបង់រយៈពេល២០ឆ្នាំបាន។ សម្តេចថា «ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗ ដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ ហើយថៅកែអត់មានអ្វីខាតទេ ម្ចាស់បុរីចំណេញទៅវិញទេ ត្រង់អី គឺការប្រាក់នៅតែជាការប្រាក់ដដែល ហើយអូសបន្លាយពេលសង»។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជនបង់រំលស់ប្រាក់យឺតយ៉ាវ ខណៈសម្ដេច ក៏បានណែនាំឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែនគណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំបញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវនាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន ៕