កំពង់ឆ្នាំង ÷ទីតាំងល្បែងសុីសងខាងលើ ស្ថិតនៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកដំណើរការលេងជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ ។
សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងខុសច្បាប់ (មាន់ជល់និង អាប៉ោង)ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: នេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃ ណាមួយ ខ្លាចប្តីនិងកូនៗរបស់ពួកគាត់ ផុងខ្លួននិងល្បែងទាំងនោះ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជា: កើតមានអំពើចោរកម្ម និងហិង្សា នៅក្នុងគ្រួសារ ជាដើម.ល។
ប្រជាពលរដ្ឋក៏ដូចជា មហាជនទូទៅ សូមស្នើដល់ លោក សុខ សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តជាពិសេស លោកឧត្តមសេនីយ៍ទោ ខូវ លីអគ្គស្នងនគរបាលខេត្តកំពង់ឆ្នាំង គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ «មាន់ជល់និងអាប៉ោង» ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន, ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕