រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
ខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០យប់ ក្រោមប្រធានបទ សមុទ្រខ្មែរកំពុងរងនូវការបំពាន និងការប្រព្រឹត្តបទឧក្រិដ្ឋអ្វីខ្លះ? ដែលរាល់ខ្លឹមសារការបកស្រាយរបស់ ជនអគតិនេះតែងតែផ្សារភ្ជាប់លើកឡើងអំពីឈ្មោះរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចេតនាទុច្ចរិតប៉ុនប៉ងបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិ។
ជនអគតិ មុំ អស្សនី គ្រាន់តែធ្លាប់បានបម្រើការងាររយៈពេលខ្លីជាង០២ខែ ក្នុងឆ្នាំ ២០០៩ នៅក្នុងខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ហើយត្រូវបានបណ្ដេញចេញពីការងារដោយមូលហេតុជននេះគ្មានវិន័យ គ្មានសីលធម៌ ដើរនិយាយកុហកភូតភរ និងបោកប្រាស់សាធារណជន ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ជាច្រើន។
ការលើកឡើងរបស់ជនអគតិ មុំ អស្សនី ដោយធ្វើការប្រៀបធៀបអំពីឋានន្តរសក្តិ និងចំនួនមេបញ្ជាការរង តាមអង្គភាពទ័ពពីពេលមុនប្រៀបធៀបនឹងបច្ចុប្បន្ន គឺជារឿងដែលមិនត្រឹមត្រូវ ព្រោះការរៀបចំកងទ័ពត្រូវដើរស្របតាមសភាពការណ៍វិវត្តន៍នៃប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រនិងសៀភៅ ស ការពារជាតិ ហើយក៏មិនអាចយកបញ្ហាសក្តិធំនិងចំនួនមេបញ្ជាការរងច្រើន មកវាយតម្លៃអវិជ្ជមានលើសមត្ថភាពដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងដឹកនាំការកែទម្រង់និងទំនើបកម្មវិស័យកងទ័ពឲ្យស្របតាមសភាពការណ៍តំបន់និងសកលលោកនាពេលបច្ចុប្បន្ន។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាន់ជំហរឥតងាករតាមមាគ៌ានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្តី្រនិងជាប្រធានគណបក្ស និងគាំទ្រជានិច្ច ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននៅពេលអនាគត។
ខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះជនអគតិរូបនេះនិងស្នើសុំសាធារណៈជនទាំងអស់កុំជឿ នូវពាក្យសំដីរបស់ជនអគតិវង្វេងជាតិ មុំ អស្សនី និងក្រុមក្បត់ជាតិទាំងនេះ ដែលតែងតែនិយាយបង្កាច់ បង្ខូចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងទុច្ចរិត ធ្វើប្រជាភិថុតនយោបាយ ញុះញង់ បំបែកបំបាក់ការឯកភាពជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនដែលឧបាយកលទាំងអស់នេះ តែងតែត្រូវបានលាតត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក។