នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យរដ្ឋាភិបាលវៀតណាមចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ប្រគល់មកឱ្យកម្ពុជា

9

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានស្នើឱ្យរដ្ឋាភិបាលវៀតណាមចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើមេឧទ្ទាមនេះ បន្លំជាអ្នកទេសចរណ៍បារាំងចូលទៅកាន់ទឹកដីវៀតណាម។

ការស្នើខាងលើនេះ ក្រោយពីសម្តេចតេជោបានទទួលព័ត៌មានអំពីផែនការរបស់ ទណ្ឌិត សម រង្ស៉ី ដែលចង់ចូលទៅកាន់ប្រទេសវៀតណាម ដោយការធ្វើជាអ្នកទេសចរណ៍បារាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «គេមានផែនការចូលមកម៉ាឡេស៊ី ម៉ាឡេស៊ីគេឱ្យចេញ គេមានផែនការចូលមកថៃ គេមានផែនការចូលមកវៀតណាមទៀត តាមរយៈការប្រើប៉ាស្ព័របារាំងធ្វើជាអ្នកទេសចរណ៍ ហើយបើសិនចូល ខ្ញុំស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការខាងផ្លូវច្បាប់ និងមានការធ្វើបត្យាបណ្ណជាមួយគ្នា។ ជាមួយគ្នានេះ សម្តេចបានរំលឹកអំពីការប្រកាសរបស់ លោក សម​ រង្ស៉ី កាលពីឆ្នាំ២០១៩ ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុង បាញ់មករាជរដ្ឋាភិបាល ដែលសម្តេចបានប្រកាសថា នឹងប្រើប្រាស់ BM21 បាញទៅកាន់​ លោកសម រង្ស៉ី តបទៅវិញ ដោយសារទណ្ឌិតនេះ មិនទាន់បានដកហូតពាក្យសម្តីរបស់ខ្លួន ដែលចូលកម្ពុជាដើម្បីធ្វើសង្គ្រាមនៅឡើយ។ សម្តេចបានស្នើឱ្យអ្នកទាំងឡាយជាពិសេសអ្នកវិភាគមានទស្សនៈប្រវត្តិសាស្ត្រស្តីពីការវិភាគ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ហេតុអ្វីបានជា លោក ហ៊ុន សែន និយាយអំពីការបាញ់ BM21 មូលហេតុ គឺអ្នកឯងមកធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្គ្រាម អ្នកឯងមកចាប់ ហ៊ុន សែន អ្នកឯងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន អញ្ចឹងចង់មកធ្វើសង្គ្រាមឬ បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវ៉ៃវា»។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានព្រមានថា ប្រសិនបើទណ្ឌិតនេះ បានចូលទៅកាន់វៀតណាម ហើយវៀតណាមមិនព្រមចាប់ឱ្យ យើងនឹងមានបញ្ហាជាមួយគ្នាផងដែរ៕