ឯកឧត្ដម ហ៊ុន ម៉ាណែត៖ យុវជនបក្ស ត្រូវបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង ក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ

17

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា ក្នុងនាមយុវជនបក្ស សូមបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង និងគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ ។

ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្ថែមពីនេះក្នុងនាមជាយុវជនបច្ចុប្បន្ន និងតទៅមុខ គឺត្រូវចងចាំអំពីអ្វីដែលយុវជនរៀមច្បង និងជាថ្នាក់ដឹកនាំបច្ចុប្បន្ន បានបង្កើតជាស្នាដៃយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជន តាមរយៈការយកឈ្នះលើសមរភូមិសំខាន់ពីរ៖ ទី១. សមរភូមិប្រដាប់អាវុធ គឺការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតិដើម្បីផ្តួលរំលំរបបប៉ុលពត, ការទប់ស្កាត់ការវិលមកវិញនៃរបបប៉ុលពត និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងទី២. សមរភូមិនយោបាយទាំងក្រៅប្រទេស និងក្នុងប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា នយោបាយក្រៅប្រទេស គឺការខិតខំជម្នះរហូតអង្គការសហប្រជាជាតិទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ជំនួសឱ្យក្រុមប៉ុលពត និងបានដាក់បញ្ចូលកម្ពុជាជាសមាជិកអង្គការអន្តរជាតិជាច្រើនលើពិភពលោកដើម្បីផលប្រយោជន៍សង្គមជាតិ និងកិត្យានុភាពជាតិ, ប្រកាន់ខ្ជាប់គោលនយោបាយឯករាជ្យ ម្ចាស់ការ ដោយមិនយកអធិបតេយ្យទៅប្តូរនឹងជំនួយ និងមិនយកប្រទេសណាជាសត្រូវ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា នយោបាយក្នុងប្រទេស គឺយើងឈ្នះបេះដូងរបស់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោត ហើយជាសន្លឹកឆ្នោតដែលបានមកពីទំនុកចិត្តរបស់ប្រជាជន ដែលផ្ទុកផ្តាក់ផ្ញើជោគវាសនារបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ក្នុងនាមយុវជនបក្ស សូមបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង និងគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ៖ ទី១. រួមគ្នាថែរក្សាសមិទ្ធផលវិជ្ជមានរបស់យុវជនជំនាន់រៀមច្បង ដែលបានខិតខំកសាងសម្រាប់យើងបច្ចុប្បន្ន និងចូលរួមថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ និងទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមសម្រាប់អនាគតរបស់សង្គមជាតិយើង ៕