ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាយ៉ាងដាច់ណាត់ដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការទប់ស្កាត់ជាបន្ទាន់ចំពោះជនខិលខូចដែលលួចកាប់ទន្ទ្រានព្រៃដើម្បីយកដីរដ្ឋ ខណៈរាជរដ្ឋាភិបាលកំពុងជាប់រវល់មមាញឹកទាក់ទងនឹងកិច្ចការងារបោះឆ្នោតនោះ។
សារពិសេសតាមរយៈតេលេក្រាម នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចសូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចាប់យកមេខ្លោងទាំងឡាយ ដែលបំពានច្បាប់(ទន្ទ្រានព្រៃយកដីរដ្ឋ)ទាំងនោះយកមកផ្តន្ទាទោសទៅតាមច្បាប់ ខណៈរឿងនេះមិនអាចលើកលែង និងយោគយល់ ដើម្បីគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើកិច្ចការនេះដើម្បីការពារនូវធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋជាដើម។
សម្តេចបានសង្កត់ធ្ងន់ទៀតថា«យើងមិនអាចយោគយល់ចំពោះសកម្មភាពណាដែលល្មើសច្បាប់នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយខ្ញុំក៏សូមអំពាវនាវអ្នកមានអំណាច និងមានប្រាក់ដែលឈរពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចដើម្បីទៅទន្រ្ទានយកដីរដ្ឋ ឲ្យដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមានការស្រាវជ្រាវរកឃើញថាមានការពាក់ព័ន្ធជាប់ជាមួយនឹងមន្រ្តីណា ឬអ្នកប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះសកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ»។
សម្តេចតេជោ បានបន្ថែមទៀតថា«ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់បញ្ជូនកម្លាំងដើម្បីបង្រ្កាបនូវភាពអនាធិបតេយ្យ ក្នុងការកាប់ទន្រ្ទានយកដីរដ្ឋ ដីព្រៃ កាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្លី ដោយត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនត្រូវពន្យាពេល ហើយកិច្ច ការងារនេះត្រូវធ្វើដូចជាភ្លៀងរលឹម មិនអាចឲ្យកើតឡើងងើបឡើងសាជាថ្មី ដើម្បីបំផ្លាញ់ព្រៃឈើ និងដីធ្លី របស់រដ្ឋនោះឡើយ»។
តាមរយៈសារសំឡេងនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ សូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋឲ្យសោះ ដោយករណីនេះរាជរដ្ឋាភិបាលនឹងចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ៕