ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានព្រះសង្ឃចំនួន៤អង្គនិងកូនសេកម្នាក់បានរងរបួសខណៈដែលកូនសិស្សលោក១នាក់បានយកផាវបាល់គោះយករំសេវចាក់ចូលក្នុងកំប៉ុងត្រីខហើយដុតបណ្តាលផ្ទុះឆេះបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃដែលគង់នៅវត្តជួយសង្គ្រោះបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២២នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ព្រះសង្ឃដែលរងរបួសមាន
១-ព្រះនាម គង់ សុខហេង ព្រះជន្ម១៣ឆ្នាំ។
២-ព្រះនាម ប៉េ នៅ ព្រះជន្ម១៣ឆ្នាំ,
៣-ព្រះនាម កើត សុីណេត ព្រះជន្ម១៤ឆ្នាំ,
៤-ព្រះនាមភាក់ មករា ព្រះជន្ម១៧ឆ្នាំ(របួសធ្ងន់)និងទី
៥-ឈ្មោះ អុិន រតនៈ អាយុ១១ឆ្នាំកូនសេក លោក(របួសធ្ងន់)គង់និងស្នាក់នៅវត្តព្រះទន្លេ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
តាមកូនសេកលោកបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួននិងព្រះសង្ឃ៤អង្គបានយកផាវបាល់គោះយករំសេវចេញហើយបានយកទៅចាក់ចូលក្នុងកំប៉ុងត្រីខ។
បន្ទាប់មកក៏នាំគ្នាយកទៅដុតស្រាប់តែផ្ទុះឆេះបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃដែលគង់នៅវត្តជួយសង្គ្រោះ បញ្ជួនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងតែម្ដង៕