សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកលេងហ្វេសប៊ុកបញ្ឈប់ប្រតិកម្មនានា ដល់តារាចម្រៀងមាស សុខសោភា

17

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់បញ្ឈប់ជាបន្ទាន់ ចំពោះប្រតិកម្មផ្សេងៗទៅលើតារាចម្រៀង មាស សុខសោភា ទាក់ទងនឹងបទចម្រៀង «មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាក់ទងនឹងបទចម្រៀងរបស់អ្នកនាង មាស សុខសោភា ជារឿងដ៏ធំហើយក៏វាខុសស្រលះពីប្រវត្តិសាស្រ្តផងដែរ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវបានធ្វើការ សូមទោសជាសាធារណៈ ហើយក៏បានលុបចេញពីហ្វេសប៊ុក និងយូធូបដែលបានបង្ហោះផងដែរ។

សូមបញ្ជាក់ថា ទាក់ទង នឹងបទចម្រៀងរបស់តារាចម្រៀង មាស សុខសោភា ដែលមានចំណងជើង ថា«មរណភាពព្រះស្វាមីជ័យវរ្ម័នទី៧» ត្រូវបានមហាជនមកពីគ្រប់ទិសទីមានប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីអត្ថន័យក្នុងបទចម្រៀងនេះ បាននិពន្ធដោយបំភ្លៃ និងខុសស្រលះពីប្រវត្តិសាស្រ្តខ្មែរ។ យ៉ាងណាក៏ដោយបន្ទាប់ពីមានការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបទចម្រៀងនេះ ត្រូវបានលុបចោលពីបណ្តាញសង្គម និងយូធូប ហើយអ្នកចម្រៀងស្រីរូបនេះ ក៏បានប្រកាសទទួលកំហុស និងធ្វើការសូមទោសដល់មហាជន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕