រដ្ឋសភាបានអនុម័តដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទលើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

7

អង្គសភា បានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ លើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ចូលរួមចំនួន ១០០រូប។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៃរដ្ឋសភា ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងក្រម ដែលមាន ១២គន្ថី និង ៨៦៥មាត្រា។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសហការី ជាតំណាងរាជរដ្ឋាភិបាល និងជាអ្នកការពារសេចក្តីព្រាងក្រម។

សូមជម្រាបថា «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចកម្ពុជា  កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៣។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើង ដោយផ្អែកលើគោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា៕