សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែមិថុនាខាងមុខនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិធីបើក និងបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងមានភាពអស្ចារ្យ និងរីករាយដូចការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ដែរ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡាសរុបចំនួន ១៤ប្រភេទ រួមមាន អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport។
ប្រតិភូ និងអត្តពលិកជាង ២៦០០នាក់ រួមទាំងអត្តពលិកប្រមាណ ១៤០០ នាក់មកពីប្រទេសចំនួន ១១ នឹងចូលរួមការប្រកួតដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងទីលានផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ៕