ហោរាចារ្យ អ៊ឹម បុរិន្ទ្រ ថ្លែងថា ហោរាចារ្យ ប៊ុន វាស្នារ ធ្វើអំពើដ៏អាក្រក់ក្បត់ទំនុកចិត្តមិត្តរួមការងារដែលមិនអាចអត់ឱនឲ្យបានឡើយ

146

ភ្នំពេញ៖ហោរាចារ្យ អ៊ឹម បុរិន្ទ្រ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្លែងថា ហោរាចារ្យ ប៊ុន វាស្នារ ជំនួយការអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ធ្វើនូវអំពើដ៏អាក្រក់ក្បត់ទំនុកចិត្តមិត្តរួមការងារដែលមិនអាចអត់ឱនឲ្យបានឡើយ ពាក់ព័ន្ធទៅនឹងការថតចម្លងខ្លឹមសារសៀវភៅ តម្រាព្យាករណ៍ លក់ជាសាធារណៈដែលមិនមែនជាស្នាដៃនិពន្ធរបស់ខ្លួន ។

យោងតាមលិខិតជូនដំណឹងរបស់មេធាវីនិងយោងតាមគណនីហ្វេសប៊ុករបស់ ហោរាចារ្យ អ៊ឹម បុរិន្ទ្រ មានខ្លឹមសារទាំងស្រុងថា ៖

ខ្ញុំបាទ អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ

ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនជនរួមជាតិក្នុងបណ្ដាញសង្គម ហ្វេសបុក តេលេក្រាម ជាទីរាប់ អានមេត្តាជ្រាបថា មួយរយៈកន្លងទៅនេះ ឯកឧត្ដមប៊ុន វាស្នារ ជំនួយការអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិបានបោះពុម្ពសៀវភៅ (តម្រាព្យាករណ៍ លេខអត្តៈ ៧តួ៩ថាន) លក់ជាសាធារណៈ។ ខ្ញុំបាទបានទិញយកមកមើលទើបដឹងថាខ្លឹមសារក្នុងសៀវភៅនេះសុទ្ធតែបានចម្លងពីសៀវភៅ (ព្រហ្មលិខិតពិស្ដារ)និងឯកសារជា Excel របស់ខ្ញុំ ដែលឯកឧត្ដម ប៊ុន វាស្នារ សុំពីខ្ញុំយកទៅសម្រាប់សិក្សា ដោយយល់ថាគាត់ជាមិត្តរួមការងារជាមួយនិងជាអ្នកហោរាដូចគ្នាទើបជូនទៅគាត់។ តែផ្ទុយទៅវិញគាត់បែរជាក្បត់ទំនុកចិត្តយកឯកសារនោះទៅបោះពុម្ពលក់និងផ្សព្វផ្សាយតាម Page សមាគមស្រាវជ្រាវវិជ្ចាហោរាសាស្ត្រ Page បណ្ណាល័យហោរាសាស្រ្ត តាមFacebook ឈ្មោះ Heng Ty ចាត់ទុកជាឯកសាររបស់ខ្លួន ដោយមិនមានការសុំអនុញ្ញាតិពីខ្ញុំសោះឡើយ។

ក្នុងមួយរយៈកន្លងទៅនេះខ្ញុំបានទុកពេលឱ្យគាត់ចូលមកដោះស្រាយតែគាត់មិនបានចូលមកទេ។ ខ្ញុំបានឱ្យមេធាវីរបស់ខ្ញុំធ្វើលិខិតអញ្ជើញគាត់នៅថ្ងៃទី១៦ខែកុម្ភៈ២០២២វេលាម៉ោង៣រសៀលគាត់នៅតែគេចវេសមិនព្រមចូលមកដោះស្រ័យដដែល។

អាស្រ័យហេតុនេះខ្ញុំបាទសូមជម្រាបជូនបងប្អូនមេត្តាជ្រាបថានេះអំពើដ៏អាក្រក់ក្បត់ទំនុកចិត្តមិត្តរួមការងាររបស់ឯកឧត្ដម ប៊ុន វាស្នារ ដែលមិនអាចអត់ឱនឱ្យបានឡើយ និងសូមឱ្យឯកឧត្ដម ប៊ុន វាស្នារនិងបក្ខពួកបញ្ឈប់រាល់ការបោះពុម្ពនិងចែកចាយសៀវភៅដែលមានជាប់ពាក់ព័ន្ធឯកសារដែលជាស្នាដៃរបស់ខ្ញុំនិង បញ្ឈប់រាល់ការយករបស់អ្នកដទៃមកក្រឡៃធ្វើជារបស់ខ្លួនឯង។

នៅមានសៀវភៅពីរក្បាលទៀតដែលគាត់បានបោះពុម្ពដែរដែលគាត់បានចម្លងពីឯកសាររបស់ខ្ញុំដែរនោះមាន៖

១-ប្រជុំទំនៀមក្បួនតម្រាខ្មែរ បានយកឯកសារ(តារាសាស្ត្រខ្មែរ តម្រាមហានាទី)របស់ខ្ញុំចំនួន២៤ទំព័រនិងយកលំនាំដោយកែតួលេខ៣៣ទំព័រ និងដកពីសៀវភៅ (វិធីគណនាប្រតិទិនខ្មែរ.សកល៨០០ឆ្នាំ)មួយចំនួនទៀតព្រមទាំងយកលំនាំគំនិតដោយកែតួលេខជាច្រើនទំព័រទៀត។

២-ប្រតិទិនប្រចាំឆ្នាំ បានចម្លងចេញពីសៀវភៅ(មហាសង្ក្រានឆ្នាំខាលឆ្នាំ២០២២) (តម្រាព្យាករណ៌ជោគជតារាសី) បោះពុម្ពឆ្នាំ២០០៣និង(មហាសង្ក្រានឆ្នាំខាលទោស័ក២០១០)ដែលសុទ្ធតែជាសៀវភៅរបស់ ខ្ញុំបាទសរុបទាំងអស់ចំនួន៤៧ទំព័រក្នុងសៀវភៅ១០៣ទំព័រ ៕