សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ការសង្ស័យថា ការធ្វើឲ្យបាត់បង់ឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្សភ្លើងទៀន ដែលមិនអាចឲ្យគណបក្សនេះចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧បាននោះ ជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធមកដល់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី២៦ ខែឧសភានេះ សម្ដេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថាបាត់នោះទេ។ វានៅជាមួយនរណាម្នាក់ដែលជាមេដឹកនាំ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថាចាញ់ ប៉ុន្ដែអ្វីដែលគេចង់បាន គឺគេយកបរទេសមកគៀបកម្ពុជា។ វាមិនដែលគ្រាន់តែបញ្ជីជាតិមួយសន្លឹក ធ្វើឲ្យបាត់នោះទេ […] ខ្ញុំគិតថា ជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឲ្យបាត់ គោលដៅរបស់គេចង់ ឲ្យមានការប្រឈមជាមួយបរទេសខ្លះដែលស្រលាញ់ពួកគេតិះតៀនរាជរដ្ឋាភិបាល»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ទៀតថា កន្លងទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សមួយនេះអាចចុះឈ្មោះបានដោយសារគេអនុញ្ញាតឲ្យប្រើប្រាស់ច្បាប់ចម្លង ព្រោះឃុំសង្កាត់មានច្រើន រហូតដល់ជាង១ពាន់ឃុំសង្កាត់ឯណោះ ម្ល៉េះមិនអាចមានច្បាប់ដើមរហូតដល់ជាង១ពាន់ឃុំសង្កាត់នោះទេ។
គួរជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដោយឡែកគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕