សមាគមព័ត៌មានអនឡាញកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រ សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធចោលពាក្យបណ្តឹង របស់គណបក្សភ្លើងទៀន

15

ខេត្តកណ្តាល៖ សមាគមព័ត៌មានអនឡាញកម្ពុជា សមាគមមួយដែលបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសលើវិស័យព័ត៌មាន ឱ្យស្របតាមគោលនយោបាយ ក៏ដូចជារួមចំណែកលើកស្ទួយធនធានមនុស្ស ក្នុងវិស័យព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយមិនតែប៉ុណ្ណោះ សមាគមព័ត៌មានអនឡាញកម្ពុជា តែងតែបាន តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ព្រម ទាំងការបដិសេធកន្លងមករបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងបានបន្តនីតិវិធីរហូតមកដល់ ក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏បានបដិសេធចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើខុសនឹងគតិច្បាប់។

យើងខ្ញុំសូមសម្តែងការគាំទ្រ ចំពោះសេចក្តីសម្រេចបដិសេធរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះពាក្យបណ្តឹងរបស់ គណបក្សភ្លើងទៀន ដោយយោងលើពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គឹមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ ប៉ុន្តែបដិសេធចោល ដោយខុស នឹងគតិច្បាប់។ យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការសម្រេចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលបានអនុវត្តនីតិវិធីយ៉ាងត្រឹមត្រូវ ច្បាស់លាស់ ស្មើភាព និងមានស្ដង់ដារ តែមួយ ចំពោះគ្រប់គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយត្រូវតែអនុវត្តដូចៗ គា្នទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីច្បាប់ដែលបានចែង។

សមាគមព័ត៌មានអនឡាញកម្ពុជា ក៏មានការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលមិនបានយកចិត្តទុកដាក់ បំពេញបែបបទស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន និងបានព្យាយាមបង្កបញ្ហាជាច្រើនលើក ច្រើនសារ ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការ និងបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលគណបក្ស នយោបាយ ដទៃទៀត បាននិងកំពុងអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីត្រៀមប្រកួត ប្រជែងក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឆាប់ៗនេះ៕