ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

25

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសបដិសេធចោល និងបិទផ្លូវតវ៉ាលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពីគណបក្សទាំងពីរត្រូវបាន គ.ជ.ប បដិសេធមិនឲ្យចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានដឹកនាំកិច្ចប្រជុំពេញអង្គលើបណ្តឹងរបស់គណបក្សនយោបាយ​ចំនួនពីរនោះ ធ្វើឡើងយោងតាមបណ្តឹងរបស់ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បន្ទាប់ពី គ.ជ.ប បដិសេធមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយសារមិនបានភ្ជាប់នូវសេចក្តីប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

យ៉ាងណាមិញក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយកាលពីពេលកន្លងទៅ គ.ជ.ប បាន​ប្រកាស​ទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ ​ដែលបានបំពេញគ្រប់លក្ខខណ្ឌ លើកលែងតែគណបក្សភ្លើងទៀន ​និងគណបក្សមហាសាមគ្គីជាតិខ្មែរតែប៉ុណ្ណោះ ដែលមិនបាន​បំពេញ​ទៅតាមនីតិវិធីច្បាប់ ស្តីពីការចុះបញ្ជីគណបក្សនយោបាយ៕