ខេត្តសៀមរាប៖ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បើសិនជាអស់លោកស្រឡាញ់ “គណបក្សប្រជាជន”ស្រឡាញ់សម្ដេចតេជោហ៊ុនសែន សូមអស់លោកមេត្តាចុះទៅឃាត់គ្រឿងចក្រអេស្កាដែលកំពុងកាយដីបំភ្លេចបំផ្លាញព្រៃលិចទឹកនៅក្នុងសង្កាត់ជ្រាវផង,
បើកអោយជីក និងដឹកដីចេញ ពីក្នុងបឹងពារាំងវិញហើយ ក្រោយចរចារ ប្រយោជន៍រួចរាល់ រឿងក្រុមហ៊ុនជីកដីចំនួនពីរដណ្តើមកំណប់គ្នានៅបឹងពារាំង ឈានដល់ផ្ទុះហឹង្សាបង្ករបួសស្នាម រហូតអាជ្ញាធរចុះបិទអាជីវកម្ម ពេល នេះបើកអោយដំណើរការវិញហើយ។
ការដែលផ្ទុះរឿង ប៉ុនប៉ងមនុស្សឃាត ផ្អើលមនុស្សម្នារ ស្ទើទូទាំងខេត្តសៀមរាប ហើយអាជ្ញាធរចុះបិទ អាជីវកម្មមិនទាន់បានមួយដង្ហើមចង្រិតផង ក៏បើកអោយ ដំណើរការវិញបែបនេះ គេសង្ស័យថា អាចចរចារណ៍ពីផលប្រយោជន៍ត្រូវគ្នាវិញ។
លោកហាយ យង់ មន្ត្រីតំណាងសាលាក្រុងសៀមរាប ដែលដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទ និងបើក ដំណើរ ការជីកដីក្នុងបឹងពារាំង នៅព្រឹកថ្ងៃទី១១ ខែកុម្ភះឆ្នាំ ២០២២នេះ បានថ្លែងថា រឿងបង្ករបួសស្នាមដែលជាបទល្មើសព្រហ្មទណ្ឌ កំពុងស្ថិតក្នុងដៃសមត្ថកិច្ច។ ឯរឿងជីកស្តារបឹងពារាំង គឺបើកអោយដំណើរការវិញហើយកាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២២កន្លងទៅនេះ។
លោកបន្តថា ក្នុងការបើកវិញនេះអាជ្ញាធរតម្រូវអោយ អនុវត្តតាមលក្ខ័ណ្ឌចំនួន៣៖ ទី១.ក្រុមហ៊ុនជីកដីទាំង ពីរត្រូវសហការជាមួយសហគមន៍ទាំងពីរ(សហគមន៍ទេសចរណ៍បឹងពារាំង.សហគមន៍នេសាទចុងឃ្នៀស) ទី២.ស្រោចទឹកនិងជួសជុលផ្លូវរួមគ្នាជាប្រចាំ.និងទី៣ អនុវត្តត្រឹមតែតាមគម្រោងប្លង់ប៉ុណ្ណោះ ក្នុងករណីបំពាននឹងត្រូវដកហូតអាជ្ញាបណ្ណ័។
ក្រៅពី៣ចំណុចខាងលើ លោកហាយ យង់ ក៍បានបន្ថែមថា ក្នុងគម្រោងគឺមានចាក់ដីរៀបចំសម្អាតមាត់ បឹង និងចាក់ដីបង្កើតជាកោះនៅក្នុងបឹងពារាំងទៀត ផង។ ចំណែកអាចម៍ដីដែលត្រូវដឹកចេញទៅចាក់លើទីតាំងផ្សេង គឺគ្រាន់តែមួយចំណែកក្នុងការដោះដូរជា មួយប្រេងសម្រាប់ប្រើប្រាស់គ្រឿងចក្រប៉ុណ្ណោះ។
ទោះជាមានការអះអាងបែបនេះ ប៉ុន្តែមន្ត្រីសហគមន៍មួយរូប ដែលប្រចាំការនៅតំបន់បឹងពារាំង និយាយថា ក្រុមហ៊ុនជីកដីទាំងពីរខាងលើ មិនទាន់បានអនុវត្តតាមលក្ខ័ណ្ឌរបស់អាជ្ញាធរនៅឡើយទេ។ សោភ័ណ្ឌភាពមាត់បឹង មិនទាន់មានចាក់ដីសូម្បី១ឡាន ឯកោះក្នុងបឹងដែលត្រូវបង្កើតនោះ ក៍មិនទាន់ឃើញមានចាក់ដី ១ឡានផង។ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងពីខាងលើ ដណ្តើមគ្នាសម្រុកដឹកដីចេញយកទៅលក់តាមទីផ្សារសាធារណ: បង្កការខូចផ្លូវ បង្កការហុយបោកបក់ ប៉ះ ពាល់សុខមាលភាពរបស់ប្រជាពលរដ្ខជាប្រចាំ។ព្រោះតែផលប្រយោជន៍ទាំងនេះ តំបន់ទេសចរណ៍ បឹងពារាំង ក៏ បានក្លាយជាទីលានប្រយុទ្ធគ្នាដ៍សាហាវ ដោយថៅកែរណ្តៅដីឈ្មោះ សាន្ត រដ្ឋស៊ីង វាយទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសឈ្មោះហាប់ ដា ចំនួន២ដៃ បណ្តាលអោយរងរបួស រហូតមានការប្តឹង ផ្តល់ ពីបទ ប៉ុនប៉ង មនុស្សឃាតទៀតផង។
សូមបញ្ជាក់ថា បឹងពារាំង ជាបឹងធម្មជាតិដ៏ធំមួយស្ថិតនៅផ្នែកខាងត្បូងនៃសង្កាត់ជ្រាវ មានផ្ទៃទឹកជាប់បឹងទន្លេសាបនារដូវវស្សា បឹងធម្មជាតិមួយនេះជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់ក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញាតិអោយមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង ប៉ុន្តែដោយការ ដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកដី កាលពីថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២២ តែទំនងជាមាន ការចរចារបែងចែកអំពីផលប្រយោជន៍ត្រូវគ្នាវិញ ទើប នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២២ ក៏មានការបើកអោយជីកនិងដឹកដីយកទៅលក់ជាធម្មតាវិញ៕រូបភាព: សកម្ម ភាព លោកសាន្ត រដ្ឋស៊ីង ផ្ទុះហឹង្សា នៅចំណុចបឹងពារាំង។