ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពីសប្បុរសជន២នាក់ ដែលបានប្រកាសឧបត្ថម្ភថវិកាដែរ តែមិនទាន់ឃើញឲ្យលុយឡើយ ដោយក្នុងនោះ ម្នាក់ឧបត្ថម្ភ២លានដុល្លារ និងម្នាក់ទៀត ឧបត្ថម្ភ២០ម៉ឺនដុល្លារ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយរបស់មន្ទីរពេទ្យកាលម៉ែតគឺ «អគារតេជោអភិវឌ្ឍន៍» ។ប៉ុន្តែទោះជាយ៉ាងណា សម្តេចតេជោ មិនបានប្រកាសឈ្មោះសប្បុរសជនទាំង២នាក់នោះឡើយ ហើយទទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើងទាំង២២៣នាក់ ដែលមានចំនួនទឹកប្រាក់សរុប ៧២លាន ៨សែនដុល្លារ ហើយសម្ដេចក៏បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍បន្ថែមថា ចំនួនថវិកាសរុបដោយគិតបញ្ចូលទាំងថវិការាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារ និងអំណោយផ្សេងៗទៀត ដូច្នេះថវិកាសរុបមានចំនួ ១០២លាន៨សែនដុល្លារ និង២៨១លានរៀល។ សូមជម្រាបថា អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ចំណាយថវិកាសាងសង់សរុបជាង ៧០លានដុល្លារ ខណៈដែលអាគារនេះ បានសាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ម៉ែត្រ មានកម្ពស់១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ តាមបទដ្ឋានបច្ចេកទេសបារាំង មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ។
ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា៕