#ព័ត៌មានមិនពិត សមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានអំពីការចាប់ក្មេងៗជាព័ត៌មានក្លែងក្លាយបង្កើតឡើងដោយក្រុមជនអាក្រក់ !!!

129

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមាហាផ្ទៃ នាយប់ថ្ងៃទី២១ ខែឧសភានេះ​បានបញ្ជាក់ថា ការផ្សព្វផ្សាយនៅ​លើគេហទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នាពេល​ថ្មី​ៗ​នេះ​ថា មានករណីចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ជាព័ត៌មានមិនពិត បង្កើតឡើង​ដោយ​ក្រុម​ជន​អាក្រក់ ប្រឆាំងរាជរដ្ឋាភិបាល មានបំណងបំពុលសង្គម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណ​ជន​ជ្រាប​ថានាពេ​ល​កន្លង​ទៅ​នេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បាន​ចុះ​ផ្សាយ​ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។

«បន្ទាប់ពី​ទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជា​លទ្ធផល​កំណត់​បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើត​ឡើង​ដោយ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុង​ប្រមូល​ភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់»។ នេះបើតាមសេចក្ដីក្នុងហ្វេសប៊ុកនាយកដ្ឋានដដែល។

នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តា​កុំបន្ត​ចែក​ចាយ​ព័ត៌​មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្ក​អសន្តិសុខ​សង្គម​ផ្សេងៗ៕