ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានសង្ឃឹមជឿជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងបន្តបេសកកម្មការងារអាទិភាពឱ្យកាន់តែសកម្មបន្ថែមទៀត។
ការលើកឡើងរបស់ឯកឧត្ដមបែបនេះ ខណៈតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើររាជរដ្ឋាភិបាលជូនសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បន្តថា សម្តេចតេជោ ធ្លាប់បានលើកឡើងនៅចំពោះមុខកងទ័ពអាវស រួមមកហើយថា៖ “មិនមែនជារឿងងាយទេ ក្នុងការប្រមូលមនុស្សមកចូលរួមសមរភូមិនៃសត្រូវឥតស្រមោល ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ជាតិ និងប្រជាជន បានធ្វើឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលះបង់កូន ភរិយា និងស្វាមី មកចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ ដូច្នេះ ការជួបជុំក្នុងថ្ងៃនេះ គឺដើម្បីអបអរសាទរស្នាដៃ និងការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ និងដើម្បីអបអរសាទររីករាយក្នុងការទទួលបាននូវការទទួលស្គាល់ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់នូវគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរនាពេលនេះ។
ទន្ទឹមនិងនោះ ឯកឧត្តមបណ្ឌិត សង្ឃឹមជឿជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងបន្តបេសកកម្មការងារអាទិភាពឱ្យកាន់តែសកម្មបន្ថែមទៀត ដូចជា៖ ការបន្តបេសកកម្មចល័តចុះពិនិត្យ និងព្យាបាលជំងឺ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥, អង្គការ ឬមណ្ឌលកុមារកំព្រា, រោងចក្រ-សហគ្រាស, សាលារៀន, សហគមន៍ក្រីក្រ និងខ្នងផ្ទះប្រជាជននៅតាមមូលដ្ឋាន។ អាទិភាពការងារទាំងនេះ គឺជាការចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងឱ្យបានទៅដល់ប្រជាជនខ្មែរគ្រប់ៗរូប៕