សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

28

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍ Sea Games លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ មានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនេះ បានប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ប្រទេសថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE»។

កម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក៏មានពិធីប្រគល់ទង់ស៊ីហ្គេមទៅឲ្យព្រះរាជាណាចក្រថៃ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខផងដែរ បន្តពីព្រះរាជាណាចក្រកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយយ៉ាងក្រៃលែងចំពោះ កម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបានគង់វង្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន។ សម្តេចតេជោបន្តទៀតថា តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ។ សម្តេចតេជោសូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះការដឹកនាំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គគាំទ្រដល់ការប្រកួតស៊ីហ្គេម និងថ្លែងអំណរព្រះគុណព្រះបរមរតកោដ្ឋ ដែលបានបន្សល់ទុកនូវកេរមរតក សម្រាប់ភាពជោគជ័យស៊ីហ្គេមឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់នៅពេលនេះ និងតកូនចៅជំនាន់ក្រោយៗទៀត។

ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ សម្តេចតេជោ ហ៊ុន​ សែន ក៏សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា និងមិត្តភ័ក្រ្តអាស៊ាន ប្រសិនបើមានកំហុសឆ្គងដោយអចេតនា សម្តេចនឹងទទួលយកសម្រាប់ការកែលម្អ នាពេលខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីពេលនេះតទៅ៕