«ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មចិន-កម្ពុជា និងវត្តមាន សមាគមសម្ព័ន្ធសេដ្ឋកិច្ចសហប្រតិបត្តិការសកល ខ្សែក្រវាត់ និងផ្លូវ នៅកម្ពុជា នេះ គឺជាកម្លាំងចលករមួយដ៏សំខាន់…»

14

ភ្នំពេញ៖ «ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មចិន-កម្ពុជា និងវត្តមាន សមាគមសម្ព័ន្ធសេដ្ឋកិច្ចសហប្រតិបត្តិការសកល ខ្សែក្រវាត់ និងផ្លូវ នៅកម្ពុជា នេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដែលមិនត្រឹមតែជាស្ពានចម្លងនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏ជាស្ថាប័នតភ្ជាប់នូវវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ចផងដែរ។ ជាក់ស្ដែងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនប្រមាណ៧% ក្នុងមួយឆ្នាំជាង២ ទសវត្សរ៍កន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ក្រុមហ៊ុន សហគ្រាសចិនដែលបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជានោះទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខ្សែក្រវាត់ និងផ្លូវ (កម្ពុជា) និងពិធីសម្ពោធ «សហគ្រាសចិនរាប់ពាន់ដែលចូលមកកម្ពុជា» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែមេសាឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃ បានបន្តថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវវិស័យអាទិភាព៤គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក និងកិច្ចការអាទិភាពមួយចំនួនទៀត ក្នុងបរិបទនៃតម្រូវការអភិវឌ្ឍកម្ពុជា នៅក្នុងដំណាក់កាលថ្មី ក្នុងនោះរួមមានការអភិវឌ្ឍធនធានមនុស្ស ការពង្រឹង គុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការលើកវិស័យកសិកម្ម ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម ការលើកកម្ពស់តភ្ជាប់ ផ្នែកដឹកជញ្ចូន ថាមពល និងឌីជីថល រួមទាំងបដិវត្តន៍ឧស្សាហកម្មទី៤ ការគ្រប់គ្រងធនធានធម្មជាតិ និងការគ្រប់គ្រងនគរូបនីយកម្ម ។ល។ ដែលមានគោលដៅធានាចិរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា»។

ជាមួយគ្នានោះដែរ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា និងវឌ្ឍនភាពការងារលើការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាក្នុងអំឡុងនិងក្រោយជំងឺកូវិដ-១៩ ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍របស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងដើរតួជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ឯកឧត្តមបន្តថា វិស័យទេសចរណ៍របស់កម្ពុជាមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម១២% ដែលឆ្នាំ២០១៩ គឺជាឆ្នាំកំពូលសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ដោយមានភ្ញៀវទេសចរអន្តរជាតិជាង ៦.៦លាននាក់ (កើនឡើង៦%)។  ជាអកុសលសម្រាប់ឆ្នាំ២០២០និង ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែផលប៉ះពាល់នៃ Covid-19 ជាមួយនឹងការបាត់បង់ការធ្វើដំណើរអន្តរជាតិ និងបណ្តាលឱ្យអាជីវកម្មជាច្រើនក្នុងវិស័យនេះកាត់បន្ថយ ផ្អាក ឬបិទ ដែលជាលទ្ធផលបុគ្គលិករាប់ម៉ឺននាក់ត្រូវបានព្យួរការងារ។  ឬបាត់បង់ការងារ និងប្រាក់ចំណូល។

ឯកឧត្តម ជា សែ បានបន្តថា ក្នុងស្ថានភាពដ៏តានតឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតតាមរយៈការបន្តអនុវត្តច្បាប់ បទបញ្ជា វិធានការសុខភាព វិធានការរដ្ឋបាល និងវិធានការមានប្រសិទ្ធភាពផ្សេងទៀត។ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ និងវិធានការផ្សេងទៀតសម្រាប់ឆ្នាំ២០២២ ជាពិសេសវិធានការលើការពង្រឹងភាពធន់ ការគាំទ្រ ការលើកកម្ពស់ និងស្តារទេសចរណ៍ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណាក់កាលងើបឡើងវិញនេះ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី បានថ្លែងនូវការគាំទ្រឲ្យមានព្រឹត្តិការណ៍ជួបជុំសហគ្រិនវិនិយោគឲ្យបានទៀងទាត់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីការរឹតចំណងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥៤ រហូតមកដល់បច្ចុប្បន្ន ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសយើងទាំងពីរ បានខិតខំកសាង និងបន្តការពូនជ្រុំសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការបន្តទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិនចិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា នឹងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្ដាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់សម្រាប់បរិយាកាសនៃការវិនិយោគនៅកម្ពុជា។