ភ្នំពេញ៖ទីតាំងហ្គេមបាញ់ត្រី ក្នុងផ្សារទំនើបស៊ីធីម៉ល កំពុងបើកទ្វាទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងសារជាថ្មីហើយ បន្ទាប់ពីអាជ្ញាធរបង្រ្កាបបានមួយចម្អិនកំពឹស។
ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ ស្ថិតក្នុងផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាល់វង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីពលរដ្ឋបានអោយដឹងថា គេសង្កេតឃើញក្រុមអ្នកញៀនល្បែងចាស់ ក្មេង ចេញចូលទីតាំងនោះមិនដាច់សោះ ពោលគឺទីតាំងនេះបើកទទួលស្វាគមន៍អ្នកលេងស្ទើរ២៤ម៉ោងតែម្ដង ហើយពលរដ្ឋសង្ស័យថា ទីតាំងនេះ ក៏ជាជម្រករបស់ក្មេងទំនើងផងដែរ។
គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះបង្ក្រាប ចំណុចក្នុងផ្សារទំនើប ស៊ីធីម៉លជាន់ទី២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាផ្ទាល់ដោយ លោក ហៀក ចាន់លៀង អភិបាលរងខណ្ឌ៧មករា លោក ក្រេត សិខិរិនអធិការងនគរបាលខណ្ឌ រួមនិង មន្ត្រីជាច្រើនអ្នកទៀតផងដែរ។
រហូតថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកពាន វាសនា អភិបាលរងខណ្ឌ៧មករា បានដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើការបិទទីតាំង មេជីកអិនធើធែនមិន ដែលមានទីតាំងនៅជាន់ទី២ ជាថ្មីម្ដងទៀត ។
ជុំវិញបញ្ហានេះ ពលរដ្ឋសង្ឃឹមថាលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ជាពិសេសលោកថេង សុថុល អភិបាលខណ្ឌ៧មករា នឹងមានវិធានការឲ្យបានតឹងរឹងលើបញ្ហានេះផងដែរ៕