កីឡាករលំដាប់ជួរមុខរបស់ថៃ ប៊ូខាវ កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ពីការដឹកនាំក្រុមអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ដោយបានបង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងដណ្តើមមេដាយមាសចំនួន៦ទៀតផង។
តែនៅប៉ុន្មានម៉ោងក្រោយមក ប៊ូខាវ បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖«ដោយសារបញ្ហាផ្ទាល់ខ្លួនខ្លះៗ ប៊ូខាវ មិនធ្វើដំណើរទៅចូលរួមស៊ីហ្គេមនៅកម្ពុជានោះទេ»។
ជាការកត់សម្គាល់ការលុបចោលដំណើរមកកម្ពុជាភ្លាមៗនេះ ត្រូវបានគេសង្ស័យថា ប្រហែលព្រួយបារម្ភពីសុវត្ថិភាព ខណៈសារព័ត៌មានថៃបានចុះផ្សាយថា ប៊ូខាវបានផ្លាស់ប្តូរចិត្តមិនមកកម្ពុជា ព្រោះបារម្ភខ្លាចមិនមានសុវត្ថិភាព ទាំងរូបគេនិងក្រុមកីឡាករដោយហេតុថា គេបានទទួលដំណឹងមកថា ប្រជាពលរដ្ឋកម្ពុជានឹងបង្កចលាចលលើរូបគេនិងក្រុមកីឡាករ។
ជុំវិញការចុះផ្សាយនេះពលរដ្ឋខ្មែរ បានសំណូមពរទៅស្ថានខ្មែរប្រចាំប្រទេសថៃត្រូវតែចាត់ការលើព័ត៌មាននេះ តើបុគ្គលប៊ួខាវ បានព័ត៌មាននេះមកពីណា? តើសម្តីប៊ូខាវពិតទេ? ព័ត៌មានរបៀបនេះជាការបំផ្លាញកិត្តិយសកម្ពុជា។
គួរបញ្ជាក់ថា កីឡាករថៃប៊ូខាវ កន្លងទៅថ្មីៗនេះបានធ្វើឱ្យពលរដ្ឋខ្មែរមានការខឹងសម្បារទៅលើរូបគេយ៉ាងខ្លាំង បន្ទាប់ពីបាននិយាយមើលងាយ ប្រមាថ និងមិនទទួលស្គាល់គុនខ្មែរ ហើយបានឌឺដងជាច្រើនលើកច្រើនសារ មកកាន់ពលរដ្ឋខ្មែរ ទើបធ្វើឱ្យពលរដ្ឋខ្មែរមានកំហឹងចំពោះរូបលោក។
តែយ៉ាងណាពាក់ព័ន្ធបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា កូនប្រុសភាសាប្រមាថចំពោះភ្ញៀវមកប្រទេសយើង មិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ ទោះកីឡាករប៊ូខាវមកឬមិនមកមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។
សម្តេចបានបន្ថែមថា សូមកុំឱ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឱ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិ ប្រទេសនិងប្រទេស៕