ភ្នំពេញ៖ លោកស្រី ជីវ ណារ៉ា ម្ចាស់ក្រុមហ៊ុនលក់ដីឡូតិ៍ សុវណ្ណភូមិសៀមរាប វីឡា នៅខេត្តសៀមរាប ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកា សម្រេចឃុំខ្លួនដាក់ចូលពន្ធធនាគាព្រៃស ពីបទរំលោភទំនុកចិត្ត។
ឈ្មោះ ជីវ ណារ៉ា ភេទស្រី កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនស្ត្រីឈ្មួញដីធ្លីនេះ ធ្វើឡើង ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ នៅខេត្តសៀមរាប ហើយត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញភ្លាមៗ។
ជននេះត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិត នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួនស្ត្រីឈ្មោះ ឈ្មោះ ជីវ ណារ៉ា នេះ ដោយសារស្ត្រីខាងលើបានបោកប្រាស់លើដៃគូរកស៊ី ទិញដីសម្រាប់ពុះគម្រោងជាដីឡូតិ៍ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប មានភាគហ៊ុនជាមួយគ្នា ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា៦០ម៉ឺនដុល្លាអាមេរិក៕