ភ្នំពេញ៖ មហាជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញសកម្មភាពយុវជនមួយក្រុម ដែលបានបង្ហោះម៉ូតូតាមដងផ្លូវយ៉ាងអណាធិបតេយ្យ ខណៈដែលបក្ខពួកក្រុមនេះ បានបង្ហោះទេពកោសល្យរបស់ខ្លួន លើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនជាយ៉ាងបានឃើញ និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានជួយចែករំលែកយ៉ាងច្រើនពេញបណ្តាញសង្គមហ្វេសបុកផងដែរ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Fyy Heng បានបង្ហោះវីឌីអូកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដោយភ្ជាប់ជាមួយសំណេរបែបចោទជាសំណួរថា៖ “ប៉ុណ្ណឹងអត់ស្រលាញ់ទៀត”?)
ផ្នែកតាមវីឌីអូដែលបានបង្ហោះនេះ ត្រូវបានឲ្យដឹងថា យុវជនក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូក្នុងមូលដ្ឋានខណ្ឌចំនួន៣ ផ្សេងគ្នា ពោលគឺខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ។
ជុំវិញករណីនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ។
ជាមួយគ្នានេះ មហាជនសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹងពង្រឹងសន្តិសុខ និងបង្ក្រាបឲ្យអស់ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូ និងតែងបង្កអសន្តិសុខក្នុងមូលដ្ឋាន ព្រោះថាសកម្មភាពទាំងនេះក្រៅពីបង្ហាញពីភាពអាណាធិបតេយ្យហើយនោះ ក៏បានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវផងដែរ៕