សម្ព័ន្ធអារ៉ាប់ ស្តារប្រទេសស៊ីរីឡើងវិញ

120

ទីក្រុងគែរ៖ នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមបណ្តាប្រទេសនៃអង្គការសម្ព័ន្ធប្រទេសអារ៉ាប់ បានព្រមព្រៀងគ្នាបញ្ចូលសមាជិកភាពរបស់ប្រទេសស៊ីរីឡើងវិញ ។

ការផ្លាស់ប្តូរនេះ បានកើតមានឡើងមុនពេលកិច្ចប្រជុំកំពូលនៃអង្គការសម្ព័ន្ធអារ៉ាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាវអូឌីត ។

ការសម្រេចចិត្តនេះ ត្រូវបានអនុម័តគាំទ្រដោយអ្នកការទូតកំពូលតំណាងរបស់ក្រុមសម្ព័ន្ធប្រទេសអារ៉ាប់ ១៣ នាក់ ក្នុងចំណោមរដ្ឋជាសមាជិក ២២នាក់ ធ្វើការប្រជុំបិទទ្វារនៅទីក្រុងគែរ ។

គួររម្លឹកថា ប្រទេសស៊ីរី ត្រូវបានផ្អាកពីអង្គការសម្ព័ន្ធប្រទេសអារ៉ាប់នៅក្នុងឆ្នាំ ២០១១ បន្ទាប់ពីមានភាពចលាចលនយោបាយ ហើយទីបំផុតបានបង្កឱ្យមានសង្រ្គាមស៊ីវិលនៅក្នុងប្រទេសនេះ ៕