នារសៀលថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ។
ក្នុងជំនួបសំណេះសំណាលគណបក្សខេត្តនារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សមាជិកសមាជិកា មន្រ្តីរាជការនៅមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក៏ដូចជាធនធានផ្ទាល់ខ្លួននៅពេលដែលប្រទេសជាតិត្រូវការ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ជុំវិញស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាវិញ្ញាសាថ្មីមួយ ដើម្បីសាកល្បងការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ប្រទេស ដែលមិនទាន់មានប្រទេសណាធ្លាប់បានជួបប្រទះនោះទេ មិនថាប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានដែរ។ ដោយឡែកកម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ សម្រេចបានជោគជ័យ ឈ្នះលើវិញ្ញាសារមួយនេះគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាច្រើនទៀតលើពិភពលោក នៅតែបន្តជួបប្រទះការលំបាកនៅឡើយ។ ពិតណាស់ការជឿជាក់ និងចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់នៃភាពជោគជ័យលើការដឹកនាំ ប៉ុន្តែការដឹកនាំដ៏ឈ្លាសវៃ ម៉ឹងម៉ាត់ បូករួមជាមួយការអនុវត្តយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាន គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យនេះ។
ឯកឧត្តមក៏បានលើកបន្ថែមផងដែរថា “មិនថាបងប្អូននៅទីណា ជាអ្នកណា ឬមាននិន្នាការយ៉ាងណាក៏ដោយ បងប្អូនត្រូវតែទទួលបានការគាំពារសុខភាពដូចជាការព្យាបាល និងការចាក់វ៉ាក់សាំង។ ដោយសារយើងមានវ៉ាក់សាំងគ្រប់គ្រាន់ ទើបយើងអាចមានការជួបជុំគ្នា និងការបើកដំណើរការសេដ្ឋកិច្ចជាធម្មតា។ មិនថាប្រទេសជាតិមានវិបត្តិ ឬការលំបាកយ៉ាងណាគណបក្សប្រជាជនកម្ពុជាតែងតែមានវត្តមានរួមរស់ជាមួយប្រជាជន និងដោះស្រាយបញ្ហាប្រឈមមុខជាមួយគ្នា។
ជំនួបសំណេះសំណាលរវាងឯកឧត្តម ហ៊ុន ម៉ានី ជាមួយរចនាសម្ព័ន្ធគណៈចលនាមនហាជនខេត្តព្រះវិហារគឺជាផ្នែកមួយនៃបេសកកម្មតាមបណ្ដាខេត្ត ហើយខេត្តព្រះវិហារជាខេត្តទី៣ នៃបេសកកម្មនេះ ហើយគោលដៅបន្ទាប់គឺខេត្តឧត្តរមានជ័យ។