ឯកឧត្តម សៅ សុខា នឹងបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

37

រាជធានីភ្នំពេញ៖ ដោយក្ដីគោរពទៅតាមការសំណូមពររបស់ សម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពេលនេះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា នឹងបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើយោងតាម“លិខិតឆ្លើយតប”របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលចេញដោយ ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា ផ្ទាល់ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះផងដែរ។

សូមរំលឹកជួនផងដែលថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារសំឡេងពិសេស អំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា ឱ្យបន្តដឹកនាំកីឡាបាល់ទាត់កម្ពុជាតទៅទៀត នៅរសៀលថ្ងៃទី ០៨ ឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានការប្រកាសលាលែងពីដំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រសិនបើក្រុមកីឡាបាល់ទាត់ជំរើសជាតិកម្ពុជា មិនអាចបន្តទៅការប្រគួតឆ្លងពូលបានកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជំរើសជាតិកម្ពុជា ជួបប្រគួតជាមួយក្រុមកីឡាបាល់ទាត់ជំរើសជាតិភូមា បានធ្វើឱ្យក្រុមកម្ពុជាចាញ់ ភូមា ក្នុងលទ្ធផល ០:២ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ធ្វើឱ្យ សម្ដេចតេជោ ហ៊ុន សែន សមាជិកសហព័ន្ធ កីឡាករ និងមហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាមានការព្រួយបារម្ភថា នាយឧត្តមសេនីយ៍ សៅ សុខា អាចនឹងលាលែងទៅតាមអ្វីដែល នាយឧត្តមសេនីយ៍ បានប្រកាស៕