ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ សែម សម្ផស្ស សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបាន គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែលសម្តេចតេជោទទួលបានដោយអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នៅពេលនេះគឺជាការទទួលស្គាល់ការលះបង់ពេញមួយជីវិតរបស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។
សញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ីនៅពេលនេះ ដោយយោងទៅលើហេតុផលមួយចំនួនដូចខាងក្រោម៖
*១-សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ត្រឡប់ទៅកាន់ឆាកសាកលលោកវិញ។សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបបរាជានិយមនៅកម្ពុជា ប្រកបដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនារួមជាមួយកម្មវិធីកសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ និងកសាងប្រទេសឡើងវិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់ និងសកលលោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិបតេយ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។
*២-តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹងអភិបាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជាមួយនោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាសស្មើភាពគ្នាសម្រាប់ប្រជាជនកម្ពុជា។អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាពអាចសម្រេចទៅបានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចា ដោយបើកចំហរួមបញ្ចូល និងគោលនយោបាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និងស្វែងរកដំណោះស្រាយជាតិដោយខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។
*៣-សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជាអាទិភាពចំពោះជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យាស្រ័យឱ្យគ្នានៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា
*៤-ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេចតេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជាប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង។ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕