ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ត្រីម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងលោកឧកញ៉ា នួន អក ទៅសាលាដំបូងខេត្តព្រៃវែង ពីបទចេញ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត។ ការដាក់ពាក្យប្តឹងនេះ គឺបន្ទាប់ពីលោក ឧកញ៉ា នួន អក បានគេចវេសមិនព្រមដោះស្រាយ ជាមួយជនរងគ្រោះ។
លោកឧកញ៉ា នួន អក ជាគ្រូបង្រៀនជោគជ័យនិងជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ហើយក៏ជាម្ចាស់រីស៊ត កំពត ឋានសួគ៌ និងជាម្ចាស់គម្រោងផ្សារអាហារ សមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅក្នុងពាក្យបណ្តឹងអ្នកស្រី ហាក់ វណ្ណៈ បានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែងថា ដំបូងឡើយ នាងបានចូលរៀនផ្នែកទីផ្សារ ជោគជ័យ ដែលមានឈ្មោះ នួន អក ជាគ្រូបង្រៀន។ បន្ទាប់ពីបានស្គាល់គ្នាហើយ ឈ្មោះ នួន អក បានប្រើ យុទ្ធសាស្ត្រណែនាំឲ្យនាងខ្ញុំ ចូលហ៊ុនវិនិយោគ ដោយបានប្រាក់ចំណេញទ្វេដង ១គុណជា២ ត្រឹមតែរយៈពេល ១៣ ខែប៉ុណ្ណោះ ។
ក្រោយពីបានព្យាយាមស្កាត់ជួប ជាច្រើនដង ឈ្មោះ នួន អក បានចេញមូលប្បទាន ប័ត្រលេខ ៦៣១៩៦៣ ចុះថ្ងៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន ២៦.០០០ ដុល្លារ (ពីរម៉ឺនប្រាំមួយពាន់ដុល្លារ) ដើម្បីទូទាត់ប្រាក់ ខាងលើ ។
នៅដើមខែមេសា ឆ្នាំ២០២៣នេះ នាងខ្ញុំបានយកមូលប្បទានប័ត្រ ខាងលើ ទៅដកប្រាក់នៅធនាគារស្រុកពារាំង ប៉ុន្តែខាងធនាគារបានប្រាប់ថា ពុំមានទឹកប្រាក់ ឡើយ (សែកស្អុយ) ដូចមានមូលប្បទានប័ត្រ បញ្ជូនត្រឡប់ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ជាភស្តុតាង ។
នាងខ្ញុំបានព្យាយាមទាក់ទងឈោ្មះ នួន អក អំពីករណីដែលចេញនូវមូលប្បទានប័ត្រ ខាងលើនេះ ប៉ុន្តែឈ្មោះនេះ មិនបានឆ្លើយតប ហើយថែមទាំងគេចវេសពីនាងខ្ញុំ រហូតមកដល់បច្ចុប្បន្ន ។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ទង្វើរបស់ឈ្មោះ នួន អក ជាចេតនាទុច្ចរិតនៃអំពើចេញ មូលប្បទានប័ត គ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត ដែលធ្វើឲ្យខ្លួនបាត់បង់ នូវពេលវេលា និងប៉ះពាល់ដល់ផលប្រយោជន៍ របស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ជាពិសេស អំពើនេះ គឺជាអំពើដែលធ្វើឲ្យប៉ះពាល់ ដល់ការអភិវឌ្ឍន៍សង្គម ក៏ដូចជាបង្ករអសន្តិសុខសង្គម ផងដែរ ។
ជនរងគ្រោះ សំណូមពរដល់ព្រះរាជអាជ្ញា សុំឲ្យចោទប្រកាន់ និង ផ្តន្ទាទោសឈ្មោះ នួន អក ទៅតាមផ្លូវច្បាប់ ។ ទាមទារប្រាក់ដើម ចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺន ដុល្លារអាមេរិក) និងសុំទាមទារថ្លៃសំណងជំងឺចិត្ត និងការខាតបង់ពេលវេលា ជាប្រាក់ចំនួន ៤០.០០០.០០០ រៀល (សែសិបលានរៀល)។ ទាក់ទងករណីនេះ លោកឧកញ៉ា នួន អក មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទ មិនអាចទំនាក់ទំនងបាន៕