ភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១៣លាននាក់បានដើរកម្សាន្តលេងនៅទូទាំងប្រទេសនៅថ្ងៃចូលឆ្នាំខ្មែរ ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួនជាង ១៣លាន ១សែននាក់ ហើយភ្ញៀវទេសចរបរទេសជាង ៥ម៉ឺន ៥ពាន់នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ក្នុងរបាយការណ៍បានបញ្ជាក់ថា រាជធានីខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាប ឈរលំដាប់ទី១ ដែលមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររហូតដល់ជាង ២លាននាក់។ បន្ទាប់មកខេត្តបាត់ដំបង ឈរលំដាប់ទី២ ដែលមានភ្ញៀវទេសចរច្រើន គឺរហូតដល់ជាង ១លាន ៥សែននាក់។ ខេត្តកំពង់ចាមឈរលំដាប់ថ្នាក់លេខ៣ ដែលមានភ្ញៀវទេសចររហូតដល់ជាង ១លាន ៥សែននាក់ បន្ទាប់មកគឺរាជធានីភ្នំពេញដែលមានភ្ញៀវទេសចររហូតដល់ជាង ១លាន ៨ម៉ឺននាក់។
ចំនួនភ្ញៀវទេសចរនៅថ្ងៃចូលឆ្នាំខ្មែរ ២០២៣នេះ គឺមានការកើនឡើង បើធៀបនឹងថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២២ គឺមានចំនួន ជាង ៥លាន ១៧ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនៅថ្ងៃចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាចំនួនដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។
លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្មវិធីសង្ក្រាន្តនៅតាមរាជធានីខេត្ត ជាពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ។
លោក ថោង ខុន បានថ្លែងថា៖ «ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល ៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ»៕