ព្រៃវែង៖ករណីសមត្ថកិច្ចស្រុកបាភ្នំចុះបង្ក្រាបក្រុមអ្នកលេងល្បែជល់មាន់ បានផ្ទុះអាវុតបង្កឲ្យមនុស្សម្នាក់រងរបួស កាលពីវេលាម៉ោង១៖១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា នៅចំណុចភូមិគ្រោះ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្រុមអ្នកលេងជល់មាន់ដែលរងរបួសមានឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ ត្រូវគ្រាប់កាំភ្លើងបាញ់ចំ១គ្រាប់ត្រង់ចង្កេះផ្នែកខាងក្រោយ ចំណែកសមត្ថកិច្ចដែលបាញ់មានឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអធិការរងស្រុកបាភ្នំ។
តាមប្រភព័ត៌មានពីក្រុមអ្នកលេងជល់មាន់ក្នុងហេតុការណ៌នោះ បានអោយដឹងថា មុនពេលកើតហេតុពួកគេកំពុងជុំគ្នាលេងជល់មាន់នៅក្រោមដើមឈើ ក្នុងភូមិកើតហេតុ ហើយសុខៗស្រាប់តែមានមនុស្ស៤នាក់ ជិះម៉ូតូ២គ្រឿងចូលទៅចាប់ ហើយពួកគេស្គាល់ថាជាប៉ូលីសក៏នាំគ្នារត់។
ភ្លាមៗនោះឈ្មោះ ស៊ាន ប៊ុនណាល់ ដែលជាអធិការរងស្រុក បានដកកាំភ្លើងខ្លីម៉ាក កា៥៩ ពីចង្កេះបាញ់១គ្រាប់ បណ្តាលអោយត្រូវជនរងគ្រោះដែលកំពុងរត់ ដួលដេកនឹងដីទៅណាលែងរួច ហើយឃើញបែបនោះក្រុមអ្នកជល់មាន់ ក៏នាំគ្នាឈប់រត់ រួចក៏ត្រឡប់មករោមព័ទ្ធលោក អធិការរងស្រុកវិញ ព្រោះខ្លាចរត់គេចខ្លួនបាត់មិនទទួលខុសត្រូវ។
ជុំវិញករណីនេះ សមត្ថកិច្ច បានអះអាងថា លោកអធិការរងមិនបានតាំងចិត្តបាញ់នោះទេ គឺគ្រាន់តែកាន់កំាភ្លើងនៅហ្នឹងដៃទុកការពារខ្លួន ព្រោះអ្នកជល់មាន់មានគ្នាច្រើន ប៉ុន្តែពេលឃើញសមត្ថកិច្ច ក្រុមអ្នកជល់មាន់ទាំងនោះនាំគ្នារត់ ហើយភ្លាមនោះលោកអធិការរងដៃម្ខាងកាន់កំាភ្លើង ដៃម្ខាងស្ទុះទៅចាប់កន្ទុយម៉ូតូជនរងគ្រោះទាញ ទើបធ្វើអោយម៉ូតូដួលហើយលោកប៉ូលីសក៏ដួលទៅជាមួយគ្នា ទើបធ្វើអោយកាំភ្លើងរាលកៃ ត្រូវចំចង្កេះជនរងគ្រោះតែម្តង។
គួរបញ្ចាក់ផងដែរថា ដោយសារតែរបួសជនរងគ្រោះធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ ហើយបើតាមការអះអាងរបស់ក្រុមគ្រួសារ ជនរងគ្រោះនឹងត្រូវបានគ្រូពេទ្យធ្វើការវះកាត់យកគ្រាប់ចេញ នៅថ្ងៃទី១៧មេសានេះហើយ។
បច្ចុប្បន្នលោកអធិការរង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕