នាថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារ បានបន្តចុះដល់មូលដ្ឋាន ដេីម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង និងបានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាលខេត្ត និងក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបុគ្គលិកសុខាភិបាលនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធាន លោកអនុប្រធាន មន្ត្រី បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មដ៏មមាញឹកនេះ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានគ.វ.ក-១៩ បានបន្ត៖
-ស្នេីរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វេីការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ឱ្យមានសន្ទុះកេីនលឿនបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។
- ជួបពិភាក្សា និងលេីកជាអនុសាសន៍គន្លឹះ សម្រាប់ជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង ដេីម្បីសហការជាចាំបាច់ ធ្វេីឱ្យមានកំណេីនចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលដល់វេនចាក់ ឱ្យបានលឿននៅតាមភូមិ-ឃុំ ឫតាមសាលារៀន រោងចក្រ សហគ្រាស ជាដេីមដោយធ្វេីសម្រង់ស្ថិតិអ្នកដែលដល់វេនចាក់ផងដែរ។
- ពិនិត្យការងារគ្រប់គ្រងថវិការ ដែលគ.វ.ក-១៩ បានឧបត្ថម្ភជូនមកមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកជូនក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តស្វាយរៀង។