ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣នេះ នៅវិទ្យាល័យបាក់ទូក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា សហការណ៍ជាមួយមូលនិធិកម្ពុជាប្រឆាំងជម្ងឺកូវិ១៩ ដោយមានការចូលរួមពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលមកពីសង្កាត់អូរឫស្សីទី៤ ចំនួន ៥០គ្រួសារ សង្កាត់បឹងព្រលឹត ចំនួន ៥០គ្រួសារ និង សង្កាត់មិត្តភាព ចំនួន ៥០គ្រួសារ សរុប ចំនួន ១៥០គ្រួសារ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា បានលើកឡេីងពីការយកចិត្តទុកដាក់គិតគូពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកប្រធានអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ដេីម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ ១បាវ= ២៥គីឡូ , មី ១កេស , ទឹកសុទ្ធ ១កេស , ទឹកត្រី ១យួរ , ជែលលាងដៃ ៤ដប , ច្រាសដុសធ្មេញ ២ដើម , កន្រ្តៃកាត់ក្រចក ៤កន្រ្តៃ និងថវិកា ២ម៉ឺនរៀល ។