ភ្នំពេញ៖លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង នៅពេលនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋាន ក្រោយពីលោកបានចេញឃ្លីបវីដេអូវោហារសាស័ព្ទ រិះគន់ទៅលើការអភិរក្សតំបន់អង្គរដែលមិនអនុញ្ញាតអោយមានការសាងសង់អគារកម្ពស់ខ្ពស់ ។
អង្គរ ជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ សម្រាប់ជនជាតិខ្មែរគ្រប់គ្នា ពោលគឺ មិនមែនជាកម្មសិទ្ធិរបស់ក្រុមណាមួយនោះទេ ។
ឥឡូវនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងដែរថា «កុំគិតថា មានតែគំនិតលោក ដែលត្រូវ ។ ការគិតគូររបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្ដប់និងគ្រប់ជ្រុងជ្រោយ» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ហ៊ុន ម៉ានី សរសេរខ្លឹមសារអមដោយរូបភាពលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង មានខ្លឹមសារទាំងស្រុង ថា ៖
សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួរឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អាជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្តិ៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ ។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង ៕