ភ្នំពេញ៖ «សម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស»។ នេះជាការបញ្ជាក់យ៉ាងច្បាស់ៗរបដើលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលលោកជំទាវបានចែករំលែកនូវបទពិសោធ៍ល្អៗដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាសាស្ត្រសុខាភិបាល ដែលទទួលបានអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។
នាឱកាសនោះ លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍នៃសកលវិទ្យាសាស្ត្រសុខាភិបាលចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យ TYDA ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងអាចប្រើប្រាស់ចំណេះដឹងដែលខ្លួនមានដើម្បីពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកជំទាវប្រធានមូលលនិធិក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ដែលលោកស្រីផ្ទាល់ដែលបានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ក្រើនរម្លឹកឱ្យនិស្សិតទាំងអស់ ត្រូវចេះជួយគ្នា និងមានសាមគ្គីភាព ជាពិសេសក្នុងកិច្ចការសង្គម។
ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោក សាផុន វឌ្ឍនៈ បានប្រាប់ឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា២០១៤ រហូតដល់បច្ចុប្បន្ននេះ មាននិស្សិតប្រឡងជាប់អាហារូបករណ៍សម្តេចតេជោចំនួន ៨ជំនាន់រួចមកហើយ សរុបចំនួន ២៤៦នាក់ (ស្រី ៧៣នាក់)។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតចំនួន ៨៦នាក់ (ស្រី ២៨នាក់) កំពុងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣៕