នាយករដ្ឋមន្ត្រីជប៉ុន ចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេស មីយ៉ាន់ម៉ាជាកិច្ចខិតខំប្រឹងប្រែងបែបវិជ្ជមានបំផុតក្នុងការដោះស្រាយស្ថានការណ៍

22

ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានថ្លែងកោតសរសើរ និងចាត់ទុកដំណើរទស្សនកិច្ច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាកិច្ច ខិតខំប្រឹងប្រែងបែបវិជ្ជមានបំផុតក្នុងការដោះស្រាយស្ថានការណ៍។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ក្នុងឋានៈជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើង គោកនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ឯកឧត្តមពិតជាចង់ផ្សារភ្ជាប់និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និង កាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញថាកាលពីដើមសប្តាហ៍នេះ ឯកឧត្ដមបានជួបជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន គឺឯកឧត្តម Yoshimasa Hayashi ដែលក្នុងជំនួបនោះ ក្រសួងការបរទេសជប៉ុនបាននិយាយថា អំឡុងពេលនៃកិច្ចពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ ឯកឧត្តម Hayashi បានស្វាគមន៍នូវចំណុចជាច្រើនដែលឯកឧត្តមបានពិពណ៌នាស្តីពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការ និង ខិតខំប្រឹងយ៉ាងយកចិត្តទុកដាក់រវាងប្រទេសយើងទាំងពីរ លើស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ានិងបញ្ហាក្នុងតំបន់ផ្សេងៗទៀត។ ស្របពេលជាមួយគ្នានោះដែរមន្ត្រីជាន់ខ្ពស់ជប៉ុនក៏បានបញ្ជាក់បន្ថែមថាកម្ពុជា-ជប៉ុនបានយល់ព្រមសហការគ្នាក្នុងការដោះស្រាយស្ថានការ នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាបន្តបន្ទាប់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។សូមបញ្ជាក់ថានៅដើមខែ មករាឆ្នាំ២០២២កន្លងទៅនេះឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានធ្វើដំណើរទស្សនកិច្ច អមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូង ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងនិង ដឹកនាំដោយកងកម្លាំងយោធារយៈពេល១ ឆ្នាំកន្លង មកហើយ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះកម្ពុជាគឺទទួលបន្ទុកធ្វើជាប្រធានអាស៊ាន ហើយបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែនបាននឹងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដែលជារដ្ឋសមាជិកទាំងអស់ដើម្បីបន្ធូរបន្ថយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសជប៉ុននឹងបានសហការជាមួយព្រះរាជាណាចក្រកម្ពុជាក្នុងការសម្រេចឲ្យបាននូវកិច្ចការក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបែបសេរីនិងបើកចំហ ដើម្បីភាពសុខដុមនីយកម្មនិងទទួលបានសន្តិភាព ពិតប្រាកដសម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាប្រជាជនក្នុងតំបន់ផងដែរ។

ដោយ: ទទក