កម្លាំងនគរបាលស្រុកបាទីចាប់វ៉ៃខ្នោះអ្នកគប់កញ្ចក់ឡានបានម្នាក់ហើយ

31

តាកែវ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង១០ និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សូត្រ ចន្ថា និង ដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវយកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីហើយ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣មានករណីអំពើលួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា គឺគប់កញ្ចក់រថយន្តនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំទំហំ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ៤សង់ទីម៉ែត្រគប់ទៅលើ កញ្ចក់រថយន្តរបស់ជនរងគ្រោះ។

រថយន្តរបស់ជនរងគ្រោះរួមមាន៖
១-រថយន្តម៉ាក តូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង។

២-រថយន្តម៉ាក តូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរស័ព្ទដែលនៅក្នុងរថយន្តតែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោរឡោជនសង្ស័យក៏រត់គេចខ្លូនបាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា មូលហេតុគឺជនសង្ស័យប្រើប្រាស់គ្រឿងញៀន ទើបបង្កឲ្យមានករណីខាងលើនេះកើតឡើង៕