១. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាក់ស្តែង គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Sabrina Group បានបង្កើតការងារសរុបចំនួន ១៤.០០០ កន្លែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានស្រុកសំរោងទងផ្ទាល់។
២. ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់ របស់ សម្តេចតេជោ, កម្ពុជាទទួលបាននូវសន្តិភាព និងសន្តិសុខពេញលេញ។ សមិទ្ធផលដ៏មហាសាល និងមិនអាចកាត់ថ្លៃបាននេះ ពិតជាបាន និងកំពុងផ្តល់នូវផលជាក់ស្តែងដល់ប្រទេសជាតិទាំងមូល ក្រោមរូបភាពនៃការកើនឡើងនូវទុនវិនិយោគពីបរទេស និងជាពិសេសការកើនឡើងនូវឱកាសការងារល្អៗ សម្រាប់លើកកម្ពស់កម្រិតជីវភាពរបស់កម្មករ-និយោជិត។
៣. ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ, រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ ហើយចំពោះកម្មករ-និយោជិតដែលត្រូវបានព្យួរការងារ គឺម្នាក់ៗក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាម៉េរិកក្នុងមួយខែពីរាជរដ្ឋាភិបាល និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងឱកាសការងារបន្ថែមទៀត។ ក្រៅពីនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគាំទ្រជាច្រើន ដើម្បីជួយដល់រោងចក្រ-សហគ្រាសនៅក្នុងវិស័យនេះ ដូចជា៖ ការលើកលែងពន្ធ, ការសម្រួលនីតិវិធី និងការបង្កនូវភាពងាយស្រួលសម្រួលដល់ការនាំចូលវត្ថុធាតុដើម រួមទាំងការលើកលែងកាតព្វកិច្ចបង់ភាគទាន ជាដើម។
៤. សម្រាប់ឆ្នាំ ២០២៣ នេះ, ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ បានកើនឡើងដល់ ២០០ ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតពេញសិទ្ធ និងនៅមានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ, ប្រាក់អតីតភាពការងារ និងសេវាធានារ៉ាប់រងរបស់បេឡាជាតិសន្តិសុខសង្គម ដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ។
៥. នៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣ រួមមាន៖
ទី១. ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។
ទី២. ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។
ទី៣. ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម។