ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុបានក្របួចបុរសជនជាតិវៀតណាមម្នាក់ក្រោយពីធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងម៉ាក អូឌី Q7 បានសម្រេចហើយព្យាយាមបើកគេចខ្លួន និងបានបើកបំបុកបារាសសន្តិសុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ។
ករណីចោរកម្ម (លួចរថយន្ត)ខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃអង្គារទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីរសៀលនៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា មុនពេលកេីតហេតុមានជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ភេទប្រុស បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿង ម៉ាក AUDI Q7 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BM-6235 ចេញពីក្រុមហ៊ុន ឆៃណាថោន ដោយបានបើកបំបុកបារាស់សន្តិសុខដែលដាក់ត្រួតពិនិត្យនៅច្រកចេញ-ចូល រួចបើកគេចខ្លួនតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដាក់កម្លាំងចាំស្ទាក់ចាប់ជនសង្ស័យនៅតាមបណ្តោយផ្លូវជាតិលេខ៤។
រហូតមកដល់វេលាម៉ោង១៣និង៣០នាទីរសៀល ជនសង្ស័យបានបើករថយន្តដែលលួចបានឆ្លងកាត់បារាសកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមគោលដៅដែលដាក់ចាំស្ទាក់ចាប់ជនសង្ស័យនៅចំណុចឃុំវាលរេញ តែជនសង្ស័យមិនព្រមឈប់ ថែមទាំងបានបើកបំបុកបារាសកម្លាំងសមត្ថកិច្ចជំនាញ រួចបន្តបើកគេចខ្លួន ទៅដល់ចំណុចឃុំស្ទឹងឆាយ ជនសង្ស័យបានបើកបំបុកបារាស់់របស់កម្លាំងសមត្ថកិច្ចទៀត ហើយជនសង្ស័យបានបន្តបើកគេចរហូតដល់ស្រុកកំពង់សិលា ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យនោះបានតែម្តង។ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕