សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

32

១. សូមចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយភាពជោគជ័យ បន្ទាប់ពីចំណាយពេលវេលា និងកម្លាំងកាយចិត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ភាពជោគជ័យនេះ មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកពីតួអង្គពាក់ព័ន្ធជាច្រើន ជាអាទិ៍៖ (i) មាតាបិតា និងអាណាព្យាបាល ដែលតែងទំនុកបម្រុងជាប់ជាប្រចាំ ជាមួយនឹងក្តីសង្ឃឹមយ៉ាងណាឱ្យកូនជាទីស្រលាញ់ទទួលបានការពអប់រំខ្ពស់ និងមានអនាគតរុងរឿង, (ii) សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការជួយអប់រំផ្តល់ចំណេះដឹងប្រកបដោយគុណធម៌ សីលធម៌ ដើម្បីឱ្យនិសិ្សតទទួលបាននូវពុទ្ធិ និងសមត្ថភាព, (iii) គណៈគ្រប់គ្រងសាលា ដែលតែងផ្តល់នូវការដឹកនាំគ្រប់គ្រង និងតម្រង់ទិសដល់និស្សិតឱ្យឆ្ពោះមុខ ធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពស្របតាមតម្រូវការជូនដល់សង្គមជាតិ និង (iv) ក្រសួងអប់រំដែលយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព ធានាធ្វើយ៉ាងណាលើកកម្ពស់មូលធនមនុស្សនៅកម្ពុជាឱ្យមានកម្រិតទ្បើងស្របនឹងដំណើរអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងស្តង់ដារអន្តរជាតិ។

២. សូមអរគុណ បណ្ឌិត កុល ផេង ដែលបានបង្កើតថ្នាលបណ្តុះបណ្តាលចំណេះដឹង និងជំនាញដ៏សំខាន់នេះ ដោយបានដើរស្របគ្នាទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការកសាងធនធានមនុស្ស ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ច ប៉ុណ្ណោះទេ គឺនិស្សិតដែលទទួលបានការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានក្លាយជាមូលធនមនុស្សប្រកបដោយអត្តចរិតថ្លៃថ្នូរ មានសីលធម៌ល្អ និងផ្នត់គំនិតស្រឡាញ់ថែរក្សាអត្តសញ្ញាណជាតិ។

៣. សូមអរគុណចំពោះសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលតែងផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ ទាំងក្នុងក្របខ័ណ្ឌអាហារូបករណ៍ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង ក្របខ័ណ្ឌក្រសួងអប់រំ យុវជន និង កីឡា ដែលអាហារូបករណ៍ទាំងនេះ ពិតជាបានជួយសម្រួលជាក់ស្តែងដល់និស្សិតដែលមានជីវភាពខ្វះខាត ឱ្យទទួលបានឱកាសសិក្សារៀនសូត្រដើម្បីកសាងអនាគត។

៤. ជាទស្សនៈផ្ទាល់ខ្លួន គឺមានកត្តាសំខាន់ ០៤ យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ។ កត្តាដែលនាំបុគ្គលទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១. សមត្ថភាព និងចំណេះដឹងពិតប្រាកដ, ទី២. មានប្រៀបក្នុងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី, ទី៣. ចេះចាប់ឱកាស ហើយបន្តអភិវឌ្ឍខ្លួន និងទី៤ មានភាពឯករាជ្យម្ចាស់ក្នុងការបំប្លែងគំនិតឱ្យទៅជាលទ្ធផលជាក់ស្តែង ដែលនេះស្របទៅនឹងទស្សនៈរបស់ សម្តេចតេជោ គឺ “ខ្មែរធ្វើបាន”។ កត្តាដែលនាំឱ្យប្រទេសជាតិទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១. យុគសម័យបច្ចេកវិទ្យាទំនើប ដែលអាចជួយឱ្យផ្លោះរំលងដំណើរការមួយចំនួនបានប្រកបដោយប្រសិទ្ធភាព និងចីរភាព, ទី២. ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿង ប៉ុន្តែបានបាត់បង់ឱកាសគ្រប់យ៉ាងដោយសារសង្គ្រាមញាំញី។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កត្តាសុខសន្តិភាពបានជួយឱ្យយើងមានលទ្ធភាពងើបទ្បើង និងបោះជំហានទៅមុខដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ទី៣. ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលកំពុងមាន បានជួយឱ្យកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក និងទី៤. ការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ។

៥. តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បុគ្គលគ្រប់រូបគប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ មានជាអាទិ៍៖ ទី១. ធ្វើខ្លួនឱ្យសាមញ្ញ ហើយផ្ចិតផ្ចង់យកចិត្តទុកដាក់លើគ្រប់ការងារចាប់តាំងពីតូចបំផុត រហូតដល់ធំបំផុតប្រកប ដោយការឱនបន្ទាបខ្លួនស្របតាមសុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់»។ ទី២. ត្រូវមានភាពធន់ ពីព្រោះជីវិតតែងជួបនូវភាពបរាជ័យ ប៉ុន្តែភាពតស៊ូ អំណត់ និងក្លាហាន អាចជួយបង្កើនឱកាសវិជ្ជមានជាច្រើនសម្រាប់យើង។ ទី៣. បន្តអភិវឌ្ឍខ្លួន ដោយមិនបៀបធៀបជាមួយអ្នកដទៃ និងទី៤. ខិតខំប្រឹងប្រែងទ្រទ្រង់ជីវភាពដោយខ្លួនឯង និងពុំត្រូវទន្ទឹងរង់ចាំការទំនុកបម្រុងពីអ្នកដទៃឡើយ។