ភ្នំពេញ៖ នេះជាលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក. កាលពីសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
ឯកឧត្តមបានរំលេចឲ្យដឹងថា កម្មវិធី និងសកម្មភាពដែលស.ស.យ.ក. បានគិតគូរ និងធ្លាប់បានធ្វើកន្លងមក គឺមានគោលបំណងលើកទឹកចិត្តអោយមានការចូលរួមពីសំណាក់មនុស្សដែលមកពីកន្លែងផ្សេងគ្នា ការងារខុសគ្នា មានឱកាសបង្កើតភាពស្និតស្នាល ស្របតាមបេសសកម្ម និងបុព្វហេតុតែមួយ ដោយផ្សារភ្ជាប់ជាមួយស្មារតី និងបេះដូងក្នុងនាមជាខ្មែរ។ ក្នុងនោះ ស.ស.យ.ក. បានរៀបចំកម្មវិធី វេចអន្សមជុំគ្នា បំបែកឯកទណ្ឌកម្មក្រម៉ា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីប្រមូលស្មារតីជាខ្មែរតែមួយ ដោយមិនប្រកាន់វណ្ណះ ពណ៌សម្បុរ និងនិន្នាការនយោបាយ។
ឯកឧត្តមបានរំលឹកថា យុវជនជំនាន់មុនបានឆ្លងកាត់នូវអតីតកាលដ៏ចូរចត់ ហើយការឆ្លងកាត់សោតនោកម្មទាំងនោះហើយបានធ្វើអោយពួកគាត់មករួបរួមគ្នា កសាងប្រទេសជាតិមួយពោរពេញដោយសុខសន្តិភាព និងស្ថេរភាពនយោបាយសម្រាប់យុវជនជំនាន់ក្រោយ។ ដូច្នេះក្នុងនាមជាយុវជនវ័យក្មេងរបស់កម្ពុជាដែលបានកើតក្នុងពេលប្រទេសមានសុខសន្តិភាព គប្បីបន្តបេសសកម្ម រួបរួមគ្នា ក្នុងនាមជាខ្មែរតែមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបន្តថែរក្សាមរតក វប្បធម៌ ប្រពៃណីដ៏ផូរផង់របស់យើង៕