ក្រុមយុវជនសង្គមស៊ីវិលអំពាវនាវសារព័ត៌មានដែលប្រកាសឯករាជ្យចូលរួមថ្កោលទោសទណ្ឌិត សម រង្ស៊ី

32

ភ្នំពេញ៖​ ក្រុម​យុវជន​សង្គម​ស៊ីវិល​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស​មួយ​ចំនួន​ដែល​តែងតែ​ប្រកាសថា​ ឯករាជ្យ​នោះ​ចូលរួម​ថ្កោល​ទោស​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ជា​ម្លប់​នៃ​ប្រជា​រាស្ដ្រ​ខ្មែរ​។​

ក្រុមយុវជន​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ ដល់​ស្ថាប័ន​សារព័ត៌មាន​ដែល​ទទួល​ជំនួយ​បរទេស ហើយ​តែងតែ​តាំងខ្លួន​ជា​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ មេត្តា​តាមដាន​ព័ត៌មាន​អំពី​ទណ្ឌិត សម រង្ស៊ី ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ ហើយ​គួរតែ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ជាជាង​អង្គុយ​យក​ពេលវេលា​មានតម្លៃ​របស់ខ្លួន​ មក​ប្រឌិត​វាយប្រហារ​យុវជន​សង្គម​ស៊ីវិល​ដែល​ឈប់​គាំទ្រ​ស្ថាប័ន​ខ្លួន​ទៅវិញ​។ ​ក្រុមយុវជន​លើកឡើងថា ការបង្កើត​ព័ត៌មាន​តែមួយ​ជ្រុង ហើយ​ប្រឌិត​ផ្សេងៗ មិន​អាច​ផ្តល់​ផលប្រយោជន៍​ជូន​សង្គមជាតិ​បានទេ​។ ម្យ៉ាងទៀត​បែរជា​បណ្ដុះ​ការឈឺចាប់ និង​ភាព​អយុត្តិធម៌​សម្រាប់​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទៅវិញ ដោយ​គ្រាន់តែ​ពួកគេ​ឈប់​ចូលរួម​ប្រឆាំង ​ឬ​មាន​ទស្សនៈ​ផ្សេង​ខុស​ពី​ស្ថាប័ន​ព័ត៌មាន​ខ្លួន ​រួច​ក៏​ចាប់ផ្តើម​វាយប្រហារ​ក្រុម​យុវជន​សង្គម​ស៊ីវិល​ទាំងនោះ រូបភាព​នេះ​ហាក់បីដូចជា​ស្ថាប័ន​ព័ត៌មាន​ខាងលើ​កំពុង​ធ្វើ​វិធង្សនា​មិន​ឱ្យ​យុវជន​អង្គការ សមាគម​ផ្សេង​ទៀត​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ក៏ដូចជា​ធ្វើការ​រួមគ្នា​បាន​។​

ក្រុម​យុវជន​បាន​ចោទ​សួរ​ថា តើ​សារព័ត៌មាន​ទាំងនោះ​ធ្វើ​ក្នុង​គោលបំណង​អ្វី​? យ៉ាងណាមិញ​ការ​ចូល​រួម​សាង​ទង្វើ​ល្អ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ជាតិ និង​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ គឺ​ប្រសើរ​ជាង​ការផ្សាយ​បំបែកបំបាក់​ក្រុម​យុវជន​នានា​។ ក្រុម​យុវជន​ស្នើ​ទៅ​សារព័ត៌មាន​ទាំងនោះ​បញ្ឈប់​ការ​បង្ក​រឿងរ៉ាវ​ផ្សេងៗ ហើយ​ត្រូវ​ផ្សព្វផ្សាយ​បង្រួបបង្រួម​យុវជន​ឱ្យ​ចេះ​ស្រឡាញ់គ្នា និង​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទើប​យើង​អាច​បណ្ដុះ​ស្មារតី​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​។​ ​ក្រុម​យុវជន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​មានការ​ឈឺចាប់​នៅ​ពេល​ដែល​មាន​អគតិ​ជន​ម្នាក់ ប្រមាថ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​។ ពួកគេ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សារព័ត៌មាន​ដែល​អះអាង​ថា ​ខ្លួន​ឯករាជ្យ​ទាំងនោះ​ចូលរួម​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ដើម្បី​ការពារ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ និង​ជាតិខ្មែរ​ទាំងមូល​៕