ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៣នេះ បុរសវ័យចំណាស់ម្នាក់ដែលគេដឹងថាតែងតែផឹកស្រាជាប្រចាំបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ស្ត្រីម្នាក់ឈ្មោះ ឡោត ទុំ អាយុ៦៩ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ថា ប្តីរបស់គាត់ឈ្មោះ វ៉ិត ងិត អាយុ៦៧ឆ្នាំ ជាមនុស្សញៀនស្រាជាប្រចាំ ហើយពេលផឹកស្រវឹងម្តងៗគាត់តែងតែស្រែកជេរ វាយពាង វាយចានឆ្នាំង ហើយវាយទាំងរូបគាត់ទៀតផង បើទោះជាគាត់និងកូនចៅហាមមិនឱ្យផឹកក៏គាត់មិនស្តាប់ដែរ។
ប្រភពដដែលបានបន្តថា រយៈពេលកន្លងមកប្តីគាត់ក៏ធ្លាប់លេបថ្នាំប៉ារ៉ា(ចំនួន១ក្បង់ដៃ)ដើម្បីសម្លាប់ខ្លួនម្តងដែរប៉ុន្តែគាត់ឃើញទាន់។ លុះមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តីគាត់បានផឹកស្រាស្រវឹងតាំងពីព្រឹករហូតដល់វេលាម៉ោងប្រហែល១៣និង០០នាទី រូបគាត់បានដេក ហើយប្តីរបស់គាត់ក៏បានដេកនៅក្រោមសំយាបផ្ទះកន្លែងផ្សេងគ្នា លុះមកដល់ម៉ោងជិត១៤ស្រាប់តែឮចៅរបស់គាត់ឈ្មោះ រី នីសាន់ ភេទប្រុស អាយុ៩ឆ្នាំ បានស្រែកថា ម៉ាក់យាយ តាចងកស្លាប់បាត់ហើយ ពេលនោះគាត់ក៏ស្ទុះទៅយកកាំបិតកាត់ចំណង និងបានស្រែកហៅអ្នកជិតខាងមកជួយនិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ សពត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕