រដ្ឋាភិបាលសម្រេចអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សាឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូលរយៈពេល៤ឆ្នាំ

18

រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍អនុញ្ញាតផ្ដល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សានៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨បន្ដទៀត។

នេះបើយោងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីលេខ ១៧៦ សជណ.អវ ជម្រាបជូនរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីករណីលទ្ធផលនៃជំនួបរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព ដែលចុះហត្ថលេខាដោយឯកឧត្ដម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី។

ក្នុងលិខិតនោះបានបញ្ជាក់ថា គ្រឹះស្ថានសិក្សានៅតែបន្ដបង់ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់ដដែល។ ក្នុងករណីខកខាន ឬយឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សាត្រូវទទួលរងនូវទោសទណ្ឌនានា រួមទាំងប្រាក់ពិន័យនិងការប្រាក់ តាមបទប្បញ្ញត្ដិស្ដីពីពន្ធដារជាធរមាន។ លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីបានបន្ថែមថា គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមច្បាប់ជាធរមាន៕